(កំពង់ឆ្នាំង)៖ ក្រោយទទួលបានព័ត៌មានថា ព្រះចៅអធិកាវត្តបឹងខ្នា ព្រះនាម នួន ស៊ីណាត់ រងការចោទថា បានរំលោភយកដីកេររបស់ប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតក្នុងភូមិបឹងខ្នា ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួចមក នៅថ្ងៃទី០២ ខែកុម្ភៈនេះ លោក សាំង សុខឿន អភិបាលរងស្រុកសាមគ្គីមានជ័យ បានចុះសម្របសម្រួលដោះស្រាយបញ្ហាជាមួយភាគីជម្លោះទាំងពីរតែម្ដង។
ក្រោយសម្របសម្រួល ជាមួយភាគីជម្លោះអស់មួយអន្លើមក បញ្ហាខាងលើ ពុំទទួលបានលទ្ធផលអ្វីទាំងអស់ ដោយសារភាគីព្រះចៅអធិការវត្តបឹងខ្នា មិនព្រមអនុវត្តតាមកិច្ចសម្របសម្រួលរបស់អាជ្ញាធរ ព្រោះព្រះសង្ឃអង្គនេះមានលោកមេឃុំ និងមេប៉ុស្តិ៍ខ្នាឆ្មា កាងការពារពីក្រោយ។
ពលរដ្ឋរងគ្រោះមានឈ្មោះ ខោល ហៃ ប្រពន្ធឈ្មោះ ជា ស៊ុនលី និងមានកូន៥នាក់ នៅក្នុងបន្ទុក បានកើតទុក្ខមិនសុខចិត្ត ដោយសារព្រះសង្ឃមួយអង្គ ព្រះនាម នួន ស៊ីណាត់ ជាព្រះចៅអធិការវត្តបឹងខ្នា បានកាប់ទន្ទ្រានយកដីរបស់គាត់ ដែលជាដីកេរតាំងពីដូនតាយូរមកហើយ ព្រមទាំងបានកាប់បំផ្លាញដើមឈើ និងផលដំណាំរបស់គ្រួសារពលរដ្ឋខាងលើថែមទៀតផង។
កើតមានរឿងហេតុដូចនេះ គ្រួសារពលរដ្ឋរងគ្រោះបានរាយការណ៍ ទៅឲ្យកម្លាំងនគរបាលប៉ុស្តិ៍ខ្នាឆ្មា ហើយនគរបាលក៏ទៅកន្លែងកើតហេតុ ហើយបានឃាត់ ព្រះសង្ឃអង្គនោះ ឲ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញផលដំណាំ តែព្រះសង្ឃអង្គនោះនៅតែបន្តកាប់រានគាស់គល់ដើមឈើ និងដករបងបំបាត់ភស្ដុតាងទៀតផង ព្រោះអាងឪពុកមារបស់ខ្លួនជាមេឃុំ ដែលជាអ្នកនៅពីក្រោយខ្នងបញ្ជាឲ្យធ្វើ។
ជុំវិញកាចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីមេឃុំខ្នាឆ្មា លោក ទា កុំ បាននៅឡើយទេ។ ចំណែកព្រះចៅអធិការ វត្តបឹងខ្នាអង្គនោះ មិនបានឆ្លើយតបឱ្យបានក្បោះក្បាយនោះឡើយ គឺមានតែសង្ឃដីកាប្រាប់អ្នកកាសែតថា «អាត្មាមិនបានយកដីគាត់ឡើយ គ្រាន់តែឱ្យកូននេនកាប់ព្រៃ ដើម្បីយកកន្លែងធ្វើរបងព្រំដីតែប៉ុណ្ណោះ សារព័ត៌មានមិនបាច់សម្ភាសច្រើនទេ ចង់យកទៅផ្សាយអីក៏ផ្សាយទៅ បើចង់ដឹងច្បាស់ទៅសួរ លោក ទា កុំ ជាមេឃុំខ្នាឆ្មា ទៅដឹងហើយ អាត្មាប្រញ៉ាប់ទៅបុណ្យ»។
គ្រួសារពលរដ្ឋរងគ្រោះលើ បានដាក់ពាក្យបណ្ដឹងទៅសាលាឃុំដែរ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ប៉ុន្តែនៅតែមិនឃើញមានដំណោះស្រាយឡើយ ទើបពួកគាត់ ទទូចសុំឲ្យមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង និងអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ដែលជាជនរងគ្រោះផង។
បន្ទាប់ពីទទួលបានព័ត៌មានអំពាវនាវយ៉ាងនេះហើយ ទើបលោកអភិបាលស្រុកសាមគ្គីមានជ័យ បានណែនាំឲ្យអភិបាលរងស្រុក លោក សាំង សុខឿន ចុះពិនិត្យឲ្យបានត្រឹមត្រូវ និងធ្វើការសម្របសម្រួលដោះស្រាយបញ្ហា ជូនភាគីជម្លោះទាំងពីរភ្លាម។
ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ ភាគីព្រះចៅអធិការវត្តបឹងខ្នា មិនព្រមអនុវត្តតាមការដោះស្រាយរបស់អាជ្ញាធរស្រុកសោះ ដោយសារមានលោកមេឃុំ និងលោកមេប៉ុស្តិ៍ខ្នាឆ្មា ជាអ្នករារាំងការពារពីក្រោយខ្នង មិនឲ្យអនុវត្តន៍តាមការសម្របសម្រួល ព្រោះខ្លាចបាត់ប្រយោជន៍៕