(ភ្នំពេញ)៖ បុរសម្នាក់ដោយសារតែខឹងម្ដាយ ស្ដីបន្ទោសខ្លាំងៗ រឿងមិនរកការងារធ្វើ គិតតែដើរលេង Game Net បំផ្លាញលុយកាក់ទ្រព្យសម្បតិ្ត នោះ ក៏សម្រេចចិត្តចង-ក សម្លាប់ដោយយកខ្សែភ្លើង ពណ៌សចង និងដើមក្រខុម។

ករណីខាងលើនេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង០៨៖០០នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចដីឡូភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាត់ រតនា (ហៅអាវ៉ា) អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ១២B ភូមិកើតហេតុខាងលើ មានម្តាយឈ្មោះ ប៉ាត់ វាសនា អាយុ​៤៨​ឆ្នាំ មុខរបរអ្នកសម្តែងល្ខោន និងលក់ដូរ។

ដំណើររឿងនៅមុនពេលកើតហេតុ កាលពីយប់មិញ ម្តាយបានស្តីបន្ទោសរឿងមិនរកការងារធ្វើ គិតតែដើរលេង Game Net ដើរបាត់ៗពីផ្ទះ​ថែមទាំងយកលួចលុយម្តាយ​នៅក្នុងផ្ទះចាយអស់ទៀត បន្ទាប់ពីម្តាយស្តីបន្ទោស ជនរងគ្រោះ បានឆ្លើយតប និងម្តាយថា ស្តីបន្ទោសឲ្យហើយទៅរួចក៏ចាកចេញពីផ្ទះបាត់។

ជនរងគ្រោះមុនពេលស្លាប់  បានបង្ហោះសារបណ្តាំមួយនៅលើ Facebook ថា «RIP វាជិតដល់ពេលសំរាប់ខ្ញុំហើយ ថ្ងៃណាមួយ អ្នកគ្រប់គ្នា នឹងយល់ពីអារម្មណ៍របស់ខ្ញុំ នៅពេលណាមួយពេលវេលាមកដល់ អ្នកនឹងដឹងច្បាស់ថា អ្វីទៅសំខាន់ជាងលុយ ដែលអ្នកខំកេងទុក ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះ គឺឲ្យសំណងនោះទៅ លោកទាំងអស់ក្រុមគ្រួសារទាំងអស់មិនបាច់ចំណាយមួយរៀលណាឡើយសំរាប់ធ្វើ.......ឲ្យខ្ញុំ»

លុះដល់ព្រឹកឡើងវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋនៅជិតផ្ទះប្រាប់ថាឃើញជនរងគ្រោះចងកស្លាប់នៅក្រោមដើមក្រខុបតែម្តង ពាក់ព័ន្ធនិងករណី​លើនេះ តាមជំនាញកោសលវិច័យ្យពិនិត្យមិនមានពាក់ព័ន្ធនិងករណីឃាត់កម្មនោះទេ ហើយឪពុកម្តាយក៏ពុំមានប្តឹងផ្តល់អ្វីនោះទេ។ សមត្ថកិច្ចកំពុងធ្វើ​របាយការណ៍​ប្រគល់ឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕