(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស ដើម្បីបន្តយុទ្ធនាការបង្ក្រាបបទល្មើស ដ៏ស្មុគស្មាញមួយនេះ ដែលកំពុងរាតត្បាតពេញ សង្គមជាតិ។ នេះបើតាមសេចក្ដីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សេចក្ដីសម្រេចដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ បានបញ្ជាក់ថា គណៈកម្មការចម្រុះមួយនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយ អនុប្រធាន៧រូប និងសមាជិក១០រូប។
នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតគណៈកម្មការមួយចំនួនផងដែរ រួមមាន៖ ទី១.គណៈកម្មការទទួលបន្ទុកអនុវត្តន៍វិធានការរដ្ឋបាល ដែលមាន លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអគ្គលេខាធិការ អនុប្រធាន និងសមាជិកចំនួន១៩រូប, ទី២.គណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តាមច្រកដែលមាន លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៦រូប។
នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមអាកាសយានដ្ឋាន អន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី ដែលមាន នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន១៦រូប។
អនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ដែលមាននាយឧត្តមសេនីយ៍ ឆៃ ណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៧រូប។
សេចក្ដីសម្រេចដដែលនេះ ក៏បានបង្កើតគណៈកម្មការទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ ដែលមាន លោក កៅ ខុនដារា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ១២រូប។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការបង្ក្រាប គ្រឿងញៀន លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយ សេចក្ដីសម្រេច រាជរដ្ឋាភិបាលស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន បង្ហាញឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ នៅកម្ពុជាកម្លាំងសមត្ថកិច្ច បានបង្ក្រាបបានចំនួន១,១៤៤ករណី ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូរ និងប្រើប្រាស់ចំនួន ២៧៧៣នាក់។
សូមអានព័ត៌មានលម្អិត ស្ដីពីការបង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដូចខាងក្រោម៖