(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ ដែលអង្គភាព Fresh News ទទួលបានពី ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅរយៈពេលពេញ១ឆ្នាំ នៅឆ្នាំ២០១៦កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានទឹកប្រាក់ ប្រមាណ ៥.៦ពាន់លានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ទំហំពាណិជ្ជកម្មឆ្នាំ២០១៥។
របាយការណ៍ដដែល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គិតជាទឹកប្រាក់៥,៥៩៥.៥៤ លានដុល្លារ ថយចុះតិចតួចបំផុត ត្រឹមតែ០.០៤% បើធៀបនឹងឆ្នាំ២០១៥ មានចំនួន៥,៥៩៧.៧៣លានដុល្លារ។
ក្នុងនោះថៃ នាំចូលមកកម្ពុជា មានទឹកប្រាក់ចំនួន ៤,៦៥៩.១៤លានដុល្លារ ថយចុះ៦.០៤% បើធៀបនឹងឆ្នាំ២០១៥ ដែលទំហំទឹកប្រាក់ ៤,៩៥៨.៤៨លានដុល្លារ ខណៈដែលកម្ពុជានាំចេញ ទៅប្រទេសថៃវិញ មានចំនួន៩៣៦.៤៣លានដុល្លារ កើនឡើង៤៦.៤៩% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនទឹកប្រាក់ ៦៣៩.២៦លានដុល្លារអាមេរិក។
ពាក់ព័ន្ធនិងការធ្លាក់ចុះតិចតួច នៃទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវបានមន្ត្រីពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បញ្ជាក់ថា តាមពិតទៅ បរិមាណនៃការនាំចេញនាំចូល មិនបានធ្លាក់ចុះនោះទេ ប៉ុន្តែដោយសារតែនៅឆ្នាំ២០១៦កន្លងទៅ តម្លៃប្រេងឥន្ទនៈបានធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យទំហំទឹកប្រាក់ បានធ្លាក់ចុះផងដែរ ប៉ុន្តែបរិមាណនៃការនាំចូល មិនធ្លាក់ចុះនោះឡើយ។
កម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕