(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផែនការ «ក៥» ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨ គឺជាផែនការការពារជាតិ ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ថែមទាំងបានចាត់ទុកការលើកឡើងរបស់មេបក្សប្រឆាំងថា ជារឿងភ្លីភ្លើមិនដឹងប្រវត្តិសាស្រ្ត។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស បានលើកឡើងម្តងហើយម្តងទៀតថា ផែនការ «ក៥» គឺជាផែនការសម្លាប់ខ្មែរ ដែលរៀបចំឡើងដោយវៀតណាម។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផែនការ «ក៥» ក៏ព្រោះតែមានរួបរួមរវាងក្រុមខ្មែរក្រហម និងចលនាជាយដែន ដែលមានលោក សម រង្ស៊ី ជាសមាជិកផងដែរនោះ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា ជារឿងភ្លីភ្លើមិនដឹងប្រវត្តិសាស្រ្ត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ដូច្នេះ «ផ្តាំត្រឡប់ទៅវិញ ក៥ ដោយសារក្បាលពួកលោកឯងហ្នឹងហើយ បានមានអាក៥។ ក៥អី អាហ្នឹងផែនការ ការពារជាតិ តាមរយៈនៃការរារាំងការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមពួកក្បាលលោកឯង ជាអ្នកទទួលខុសត្រូវលើសោកនាដកម្ម របស់ប្រជាជនកម្ពុជា រឿងអីទៅធ្វើសម្ព័ន្ធភាពជាមួយខ្មែរក្រហម មកវាយបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ បើលោកឯងស្នេហ៍ស្និទ្ធជាមួយ ខ្មែរក្រហមលោកឯងចូលមក ឲ្យវាជាប់ទោសជាមួយគេទៅ ភ្លីភ្លើអត់ដឹងប្រវត្តិសាស្រ្ត»។
សូមបញ្ជាក់ថា «ក៥» ជាព្រឹត្តិការណ៍នៃការធ្វើចម្បាំងរវាងកងទ័ពរបស់រដ្ឋាភិបាលរដ្ឋកម្ពុជា ដែលកាន់កាប់ទឹកដីស្ទើរទូទាំងប្រទេស ជាមួយកងទ័ពខ្មែរ លាក់ខ្លួនតាមទល់ដែនថៃ ដែលរួមមានកងទ័ពខ្មែរក្រហម កងទ័ពសម្តេច នរោត្តម សីហនុ និងលោកតា សឺន សាន្ត។ ប្រជាពលរដ្ឋខ្មែរដែលជាបុរសៗ ពេញកម្លាំងជាច្រើនរូប ត្រូវបានរដ្ឋាភិបាលរដ្ឋកម្ពុជាជ្រើសរើសចូលបម្រើកងទ័ពចេញទៅធ្វើសង្រ្គាមនៅទល់ដែន។ សង្រ្គាមវាយប្រហាររវាងខ្មែរ និង ខ្មែរ ក្រោយបញ្ចប់របបវាលពិឃាត ប៉ុល ពត ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានស្លាប់ និងធ្លាក់ខ្លួនពិការ។
ទោះជាយ៉ាងណាសង្រ្គាមតាមទល់ដែននេះ ក៏បានថមថយទៅវិញ បន្ទាប់ពីមានការប្រឹងប្រែងស្វែងរកការចរចារវាងសម្តេចព្រះបរមរត នកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលក្រោយមកនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សង្រ្គាមតាមទល់ដែននេះ ត្រូវបានបិទ បញ្ចប់ទាំងស្រុងចាប់តាំងពីរឆ្នាំ១៩៩៨ បន្ទាប់ពីការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បើកការចរចាដោយផ្ទាល់ ជាមួយមេដឹកនាំខ្មែរក្រហម និងនាំកងទ័ពខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ៕