(កណ្តាល)៖ បន្ទាប់ពីក្រុមមន្រ្តីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះសម្របសម្រួលចរចា ជាមួយគណៈកម្មការវត្តព្រះនាគ និងពុទ្ធបរិស័ទ ជុំវិញការស្នើសុំព្រះពុទ្ធបដិមា ២ព្រះអង្គ ដើម្បីនាំយកមកតម្កល់ទុក ក្នុងសារមន្ទីរជាតិ អស់រយៈពេល៣ថ្ងៃរួចមក គណៈកម្មការវត្តព្រះនាគ នៅតែមិនព្រមប្រគល់ព្រះពុទ្ធបដិមាជូនមន្រ្តីជំនាញ យកទៅរក្សាទុកដដែល។
វត្តព្រះនាគ ទីដែលប្រជាពលរដ្ឋជីក បានព្រះពុទ្ធបដិមា ២ព្រះអង្គ មានអាយុកាលជាង១០០ឆ្នាំស្ថិតនៅក្នុងភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការទៅចុះទៅចរចារ ជាមួយគណៈកម្មការវត្តព្រះនាគ និងប្រជាពលរដ្ឋចំណុះឲ្យជើងវត្តនេះ ធ្វើឡើងអស់រយៈពេល ៣ថ្ងៃ មកហើយ ប៉ុន្តែគណៈកម្មការនិងប្រជាពុទ្ធបរិស័ទ មិនព្រមប្រគល់ឲ្យក្រសួងយកទៅតម្កល់ទុក នៅសារមន្ទីរជាតិដដែល ដោយលើកហេតុផលថា «ព្រះពុទ្ធបដិមាជាវត្ថុស័ក្តិសិទ្ធិផ្តល់ភាពត្រជាក់ត្រជុំដល់ភូមិដ្ឋានរបស់ពួកគាត់» តែប្រជាពលរដ្ឋមួយចំនួន បានសម្តែងការមិនពេញចិត្ត ចំពោះការរក្សាទុកនៅទីវត្តអារាមនោះទេ ដោយសារវាមិនមានសុវត្ថិភាព និងបានស្នើឲ្យក្រសួង ធ្វើយ៉ាងណាយកព្រះពុទ្ធបដិមាទាំងពីរព្រះអង្គនេះ ទៅរក្សាទុកនៅសារមន្ទីរជាតិ ដែលជាកន្លែងសុវត្ថិភាពបំផុតនោះ ដើម្បីប្រយោជន៍ដល់សង្គមទាំងមូល។
លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានលើកឡើងថា «ខ្ញុំសូមជម្រាបដល់បងប្អូន ក៏ដូចជាគណៈកម្មការអាចារ្យវត្តថា ក្រសួងមិនបង្ខំចិត្តបងប្អូននោះទេ បើព្រមប្រគល់ឲ្យក្រសួងយកទៅថែរក្សា ក្រសួងនឹងយកទៅថែរក្សា ប៉ុន្តែបើមិនព្រមអាចថែរក្សាបាន គឺធ្វើទៅតាមចិត្តបងប្អូន ប៉ុន្តែសូមឲ្យរកតំណាងផ្តិតមេដៃទទួលខុសត្រូវ យ៉ាងតិច១០នាក់»។ ប៉ុន្តែនេះគ្រាន់តែជាពាក្យផ្តាំផ្ញើតែប៉ុណ្ណោះ ចំពោះការសម្រេចបែបណានោះ ទាល់តែក្រសួងចុះម្តងទៀតទើបដឹងច្បាស់។
លោកអភិបាលស្រុកនៅតែពន្យល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត គួរតែពិចារណាឲ្យបានច្បាស់ ព្រោះបើប្រជាពលរដ្ឋទុកនៅទីនេះក៏ជាសម្បត្តិជាតិដែរ ប៉ុន្តែគ្មានសុវត្ថិភាពទេ តែបើព្រមប្រគល់ទៅឲ្យសារមន្ទីរជាតិ យកទៅថែរក្សាក៏ជាសម្បត្តិជាតិ នោះនឹងមានសុវត្ថិភាពពេញលេញ ហើយប្រជាពលរដ្ឋចង់ទៅគោរពបូជាថ្ងៃណាក៏បានដែរ អាចចូលទៅបានគ្រប់ពេល។
លោក អឿង ម៉ៅ ពលរដ្ឋវ័យជាង៤០ឆ្នាំ រស់នៅក្នុងភូមិ/ឃុំខាងលើ បានអះអាងថា ព្រះពុទ្ធបដិមាទាំងពីរព្រះអង្គនេះ លោកជាអ្នកជីកកកាយបានមក កាលពីអំឡុងឆ្នាំ១៩៨២ នៅក្រោមខឿនព្រះវិហាខាងជើង «ដោយគ្រាន់តែជីក៣ចបកាប់ ព្រះពុទ្ធបដិមាក៏ផុសអណ្តែតមកតែម្តង» ហើយលោកបានសហការជាមួយព្រះចៅអធិការវត្ត និងដូនជីម្នាក់ លើកយកទៅរក្សាទុក ដោយមិនបានផ្តល់ព័ត៌មានទូលំទូលាយនោះទេ។
រហូតមកដល់ថ្ងៃទី៣០ ខែមករា ស្រាប់តែលិចឮព័ត៌មានមិនល្អ ទើបក្រសួងវប្បធម៌ ចុះមកមកសុំយកទៅរក្សាទុកនៅសារមន្ទីរជាតិ ដើម្បីសុវត្ថិភាព ប៉ុន្តែលោកអត់ចង់ឲ្យព្រះពុទ្ធបដិមាទាំងពីរព្រះអង្គនេះ ទៅណាឆ្ងាយពីវត្តនោះទេ ប៉ុន្តែពិបាក និងថែរក្សាសុវត្ថិភាពផងដែរ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា អ្នកផ្តិតមេដៃទទួលខុសត្រូវអាចប្រឈមនឹងផ្លូវច្បាប់ ហើយអាចជាប់ទោសទណ្ឌ ប្រសិនបើព្រះពុទ្ធបដិមាទាំងពីរអង្គនេះ អាចត្រូវជនខិលខូចលួចយកទៅបាត់នោះ៕