(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយប្រកាសដល់សហគ្រាស ដែលជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ មកបំពេញកាតព្វកិច្ច នៃការដាក់លិខិតប្រកាស និងបងពន្ធប៉ាតង់ សម្រាប់ឆ្នាំ២០១៧ ឲ្យបានមុខថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ដោយតម្រូវឲ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចដូចជា៖
១៖ អ្នកជាប់ពន្ធទាំងអស់ រួមទាំងអ្នកជាប់ពន្ធ ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាព និងអ្នកជាប់ពន្ធ ដែលធ្វើបច្ចុប្បន្នភាព និងជាអ្នកជាប់ពន្ធ ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ហើយ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។
២៖ អ្នកជាប់ពន្ធធំអាចទៅបង់ពន្ធប៉ាតង់ នៅនាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធមធ្យម និងជាប់ពន្ធតូច អាចទៅបង់ពន្ធប៉ាតង់ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលសហគ្រាសស្ថិតនៅ ឬតាមសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ាក.អ ទូទាំងប្រទេស។
៣៖ ចំពោះអ្នកជាប់ពន្ធ ដែលបានធ្វើបច្ចុប្បន្នភាព ដែលមានប័ណ្ណសម្គាល់ការ ចុះបញ្ជីពន្ធដារ រួចហើយមិនតម្រូវឲ្យបំពេញលិខិតប្រកាស ស្នើសុំបង់ពន្ធប៉ាតង់ទៀតទេ។ ប័ណ្ណប៉ាតង់ឆ្នាំ២០១៧ នឹងត្រូវបានបោះពុម្ភ ជូនអ្នកជាប់ពន្ធភ្លាមៗ ដោយមិនយកកម្រៃសេវា ប្រសិនបើអ្នកជាប់ពន្ធ ទៅបោះពុម្ភនៅនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដេលសហគ្រាសស្ថិតនៅ។ ក្នុងករណីអ្នកជាប់ពន្ធ ជ្រើសរើសការបោះពុម្ភ នៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវបង់កម្រៃសេវាជូន ធនាគារចំនួន ៤០០០រៀល/ប័ណ្ណ។
៤៖ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្ម តែមួយនៅក្នុងរាជធានី-ខេត្ត តែមួយត្រូវបង់បង់ពន្ធប៉ាតង់តែមួយ។ អ្នកជាប់ពន្ធដែលមាន សកម្មភាពអាជីវកម្ម នៅក្នុងរាជធានី-ខេត្តផ្សេងគ្នា អាចបង់ពន្ធប៉ាតង់រួមគ្នា នៅនាយដ្ឋានគ្រប់គ្រងអ្នកជាបពន្ធធំ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ប៉ុន្ដែត្រូវញែកប្រាក់ពន្ធទៅ តាមគណនីរបស់សាខាធន្ធដារខេត្ត-ខណ្ឌ ឬនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ដែលអាជីវកម្មនោះស្ថិតនៅ។ ក្នុងករណីអ្នកជាប់ពន្ធ ជ្រើសរើសការបោះពុម្ភប័ណ្ណប៉ាតង់សាខា ឃ្លាំងរោងចក្រ រោងជាង នៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ត្រូវបង់កម្រៃសេវាជូនធនាគារ ដូចបានកំណត់នៅចំណុចទី៣ខាងលើ។
៥៖ ចំពោះអ្នកជាប់ពន្ធ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពការចុះបញ្ជើពន្ធដារ ឬមិនទាន់ចុះបញ្ជើពន្ធដារ ត្រូវបំពេញលិខិតប្រកាសស្នើ សុំបង់ពន្ធប៉ាតង់តាមទម្រង់ បព០០៨/Form PR 008 បន្ទាប់មកត្រូវធ្វើបច្ចុប្បន្នភាព ឬចុះបញ្ជីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ នៅជាន់ទី០៦ នៃអគារសាលាជាតិពន្ធដារ ទើបអាចទទួលបានប័ណ្ណប៉ាតង់ឆ្នាំ២០១៧នេះ។
៦៖ អ្នកជាប់ពន្ធដែលមានសកម្មភាព អាជីវកម្មច្រើនប្រភេទ ត្រូវបានពន្ធប៉ាតង់ផ្សេងគ្នា ទៅតាមសកម្មភាពអាជីវកម្មនីមួយៗ។ សកម្មភាពជាឧបសម្ព័ន្ធនានា នៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថា ជាសកម្មភាពអាជីវកម្មតែមួយ។
៧៖ ប្រាក់ពន្ធប៉ាតង់ត្រូវកំណត់ដូចតទៅ៖
ក៖ អ្នកជាប់ពន្ធធំ ដែលមាននៅក្នុងបញ្ជីពន្ធដារ បច្ចុប្បន្នដែលមាន៖
* ផលរបរ ១០ ០០០ ០០០ ០០០រៀល ឬតិចជាងត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល
* ផលរបរលើសពី ១០ ០០០ ០០០ ០០០ រៀល ត្រូវបង់ពន្ធប៉ាតង់ចំនួន ៥ ០០០ ០០០រៀល
អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០រៀល។
ខ៖ អ្នកជាប់ពន្ធមធ្យម៖ ដែលមានក្នុងបញ្ជីពន្ធដារ បច្ចុប្បន្នត្រូវបង់ពន្ធប៉ាតង់ចំនួន ១ ២០០ ០០០រៀល
គ៖ អ្នកជាប់ពន្ធតូច៖ ត្រូវបង់ពន្ធប៉ាតង់ចំនួន ៤០០ ០០០រៀល។
៨៖ អ្នកជាប់ពន្ធត្រូវដាក់តាំង បង្ហាញប័ណ្ណប៉ាតង់ ដែលមានសុពលភាព នៅទីតាំងប្រកបអាជីវកម្ម របស់ខ្លួនហើយប័ណ្ណប៉ាតង់មាន
តម្លៃតែចំពោះអ្នកជាប់ពន្ធ ដែលមានឈ្មោះក្នុងប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។ អគ្គនាយកដ្ឋានពន្ធដារ មានវិធីគ្រប់គ្រងនិងបោះពុម្ភ ប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។ អគ្គនាយកដ្ឋានពន្ធដារមាន វិធីគ្រប់គ្រងនិងបោះពុម្ភប័ណ្ណប៉ាតង់ តាមប្រព័ន្ធអេឡិកត្រូនិក ដែលមិនអាច ក្លែងបន្លំបានឡើយ។
៩៖ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ច បង់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវ ទៅតាមពេលវេលា ដែលច្បាប់កំណត់។ ក្នុងករណីមានការយឺតយ៉ាវ មិនបានបង់ពន្ធឲ្យទាន់ពេលវេលា ឬព្យាយាមបន្លំផលរបរ ដើម្បីគេចវេះពីការបងប្រាក់ពន្ធប៉ាតង់ ឬមានការក្លែងបន្លំប័ណ្ណប៉ាតង់ នឹងត្រូវទទួលរងនូវទោសទណ្ឌ ដូចមានចែងក្នុងច្បាស់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ៕