(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចចង់ឲ្យកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មអន្តរទ្វីប (Trans-Pacific Partnership-TPP) ដែលបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក Obama រលាយបាត់ (ងាប់) ដោយសារតែកិច្ចព្រមព្រៀង TPP មានចរិកបំបែកបំបាក់អាស៊ាន ក៏ព្រោះជ្រើសរើសតែប្រទេសចំនួន៤ ខណៈអាស៊ានមានសមាជិក១០ប្រទេស។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសខ្លាំងៗអំពីការចង់បានរបស់សម្តេចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TPP។ សម្តេចបានថ្លែងថា ៣ម៉ោងមុនពេល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មី ឡើងកាន់តំណែង ក្នុងពេលសម្តេចចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីសនោះ សម្តេចបានថ្លែងក្នុងវេទិកាថា សម្តេចចង់ឲ្យលុបចោលកិច្ចព្រមព្រៀង TPP ចោល ដោយសារតែកិច្ចព្រមព្រៀងនេះមានចរិកញ៉ុះញង់ បំបែកបំបាក់ អាស៊ាន។

សម្តេចបានលើកឡើងទៀតថា ការគិតទុករបស់សម្តេច គឺពិតជាសម្រេចពិតមែន នៅពេលដែល លោក ដូណាល់ត្រាំ ឡើងកាន់តំណែងភ្លាមៗនោះ ប្រធានាធិបតីរូបនេះ បានលុបចោលច្បាប់ធានារ៉ាប់រងសុខភាព ObamaCare និងសម្រេចចុះហត្ថលេខា ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មុន៣ម៉ោងដែល ដូណាល់ត្រាំ ចូលកាន់តំណែង ខ្ញុំថា ខ្ញុំចង់ឲ្យអា TPP វាងាប់ ព្រោះវាមានចរិកបំបែកបំបាក់ រឿងអីអាស៊ានមាន១០ប្រទេស យកតែ៤ប្រទេសជាសមាជិក។ ... ចរិកបំបែកបំបាក់របស់ TPP មិនគួរឲ្យវារស់ទេ ប៉ុន្តែឥឡូវបានលុបចោល ObamaCare និងសម្រេចដកខ្លួនចេញពី Trans-Pacific Partnership»

កិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងបង្កើតឡើង ដោយលោក Obama ដើម្បីគាំពារផ្នែកពាណិជ្ជកម្ម ដល់ប្រទេសដែលជាសមាជិកដោយការផ្តល់ការអនុគ្រោះ ពន្ធនាំចូល។ កិច្ចព្រមព្រៀងនេះមានសមាជិក១២ប្រទេស រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី អាមេរិក ជប៉ុន ម៉ាឡេលេស៊ី ម៉ិចស៊ិចកូ ប៉េរ៉ូ សិង្ហបុរី និងប្រទេសវៀតណាម។

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហ៍កម្មកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀង TPP របស់លោក ដូណាល់ ត្រាំ ធ្វើឲ្យចំណេញដល់ ប្រទេសកម្ពុជា ដោយរោងចក្រមួយចំនួនបានសម្រុកមកបើកនៅកម្ពុជា បន្ទាប់ពីបាត់បង់ប្រយោជន៍នូវការអនុគ្រោះពន្ធ នាំចូលទៅសហរដ្ឋអាមេរិក។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅពេលថ្មីៗនេះថា បន្ទាប់ពីការ លុបចោល កិច្ចព្រមព្រៀង TPP រោងចក្រដែលធ្លាប់រត់ចេញពីកម្ពុជា ទៅបើកនៅប្រទេសវៀតណាម បានស្តាយក្រោយ និងមួយចំនួនបានបង្វែរ មកបើកនៅកម្ពុជាវិញ ដើម្បីទទួលបានផលប្រយោជន៍ នៃការនាំចេញទៅកាន់បណ្តាប្រទេសនានា នៅលើពិភពលោក ដោយអនុគ្រោះពន្ធ។

បើតាមលោក ហេង សុខគង់ ភាគច្រើននៃរោងចក្រដែលចង់មកបើកនៅកម្ពុជាវិញនោះ ជាប្រភេទរោងចក្រ បម្រើដល់វិស័យកាត់ដេរ និងស្បែកជើង។ បច្ចុប្បន្នប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសជាង ៥ម៉ឺន ខណៈដែលរោងចក្រធំៗមានជាង១៤០០រោងចក្រ ក្នុងនោះមានរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង ជាង៨០០រោងចក្រ៕

សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៖