(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា អាមេរិកជាប្រទេស ដែលជំពាក់បំណុលគេ ច្រើនជាងគេលើពិភពលោក ដោយក្នុងនោះពលរដ្ឋរបស់អាមេរិកម្នាក់ៗជំពាក់គេជាង៦ម៉ឺនដុល្លារ។ សម្តចតេជោបានបន្តថា មិនមែនប្រជាពលរដ្ឋខ្មែរនោះទេ ដែលជំពាក់បំណុលគេច្រើននោះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ស្របពេលនាពេលកន្លងមកមានការរិះគន់ពីគណបក្សប្រឆាំង និងសាធារណជនមួយចំនួនថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ បានជំពាក់បំណុលគេច្រើន វ័ណ្ឌក ដោយសារតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចិនជាប្រភពលុយដែលឲ្យអាមេរិកខ្ចីច្រើនជាងគេបង្អស់ អាមេរិកជាប្រទេសជំពាក់បំពុលច្រើន ជាង គេបង្អស់នៅលើពិភពលោក នេះ មិនមែនខ្មែរជំពាក់បំណុលច្រើនជាងគេនោះទេ ពលរដ្ឋម្នាក់ជំពាក់៦ម៉ឺនដុល្លារ ហើយគិតជាមួយប្រជាជនអាមេរិកទៅ ខ្មែរទើបតែជំពាក់ប៉ុន្មនារយទេក្នុងម្នាក់ ហើយម៉េចមិនទៅថាឲ្យអាមេរិកផង ក្នុងចំណោមបំណុលដែលអាមេរិកជំពាក់គេច្រើនជាងគេគឺជំពាក់ចិន ដូច្នេះប្រាកដ ជារកយន្តការសម្របសម្រូលទំនាក់ទំនងជាមួយចិនហើយ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕
សូមស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន៖