(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្មសិក្សាការីវគ្គវិក្រិត្យការ មន្រ្តីមធ្យមឆ្នាំ២០១៦ បន្ទប់ព្រះវិហារ វេនរសៀល ក្រុមទី០១នៃសាលាភូមិន្ទរដ្ឋបាល បានបញ្ចប់ការ ការពារប្រធានបទ ស្តីពី «ប្រតិបត្តិការ នៃការគ្រប់គ្រងការិយាល័យ» ដោយជោគជ័យ។
កម្មសិក្សាការី បានចុះធ្វើកម្មសិក្សា នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ចំណុះឲ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ ដែលមានចំនួនសមាជិកក្នុងក្រុម១០រូបគឺ លោក ឯម ដារ៉ា, លោក សិទ្ធិ វិចិត្រ, លោក សួន សុខុម, លោក ជា សំហុន, លោក ញ៉ែម វិបុល, លោកស្រី គង់ សុភាព, លោក កង ថន, កញ្ញា ស៊ុម សុភាព, លោក យូ សុវណ្ណឌី និង លោក ថុង សុវណ្ណារ័ត្ន។
ប្រធានបទរបស់កម្មសិក្សាការី ដែលចុះកម្មសិក្សា គឺមានគោលបំណង និងផ្តោតសំខាន់ ក្នុងការអនុវត្តកិច្ចការងារលើមុខជំនាញ ឯកទេសផ្នែករដ្ឋបាល ការគ្រប់គ្រង ការចរាចរឯកសារ ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែក របៀបរៀបចំការបណ្តុះបណ្តាល និងប្រតិបត្តិការ ព្រមទាំងការគ្រប់គ្រង ការិយាល័យនិមួយៗ ដែលចំណុះឲ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីទទួលបានចំណេះដឹងបន្ថែមថ្មី បទពិសោធន៍ល្អៗដែលជាទុនសម្រាប់កម្មសិក្សាការី ក្រុមទី០១ យកទៅអនុវត្តន៍នៅតាមបណ្តាអង្គភាពរៀងខ្លួន ហើយវានឹងក្លាយជាធាតុមួយ ចូលរួមចំណែកក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដោយសំដៅលើកកំពស់អភិបាលកិច្ចល្អ ក្នុងរដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
តាមរយៈការ ការពារប្រធានបទ បានដោយជោគជ័យ និងចប់ជាស្ថាពរនេះដោយសារមានការជ្រោមជ្រែង សហការ ប្រាស្រ័យទំនាក់ទំនងគ្នាល្អ និងមានការជួយសម្របសម្រួល យ៉ាងសស្រាក់សស្រាំ ពីសំណាក់ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ លោក យក់ ប៊ុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រី ជាបុគ្គលិក មន្រ្តី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំទាំងអស់នៃ សាលាភូមិន្ទរដ្ឋបាល លោក អុល រ៉ូ អគ្គនាយក នៃអគ្គនាយដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ របស់ក្រសួងមុខងារសាធារណៈ លោក ឬទ្ធី សុគន្ធារិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក លោក ម៉េង ម៉ង់ទិត ប្រធាននាយកដ្ឋានរដ្ឋបាល និងសរុប និង លោក សួន រស្មី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ក្រសួងមុខងារសាធារណៈ។
កម្មសិក្សាការី នៃក្រុមទី០១ទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី ជាបុគ្គលិក មន្រ្តី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែង សម្រិតសម្រាំងកម្មវិធីសិក្សា ដែលសុទ្ធសឹងជាគុណប្រយោជន៍ សម្រាប់អនុវត្តការងារ ជាពិសេសស្របតាមនិយាមស្តង់ដារ អន្តរជាតិផងដែរ៕