(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗលោកបណ្ឌិត មាស នី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា អំពីការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ចំពោះការមិនឱ្យរដ្ឋមន្រ្តី៣រូប ចូលបំភ្លឺតាមគម្រោងកោះហៅ របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក មាស នី បានរិះគន់ចំពោះការមិនអនុញ្ញាតឱ្យរដ្ឋមន្រ្តី ៣រូបទៅបំភ្លឺ។ លោក មាស នី បានថ្លែងប្រាប់កាសែត Cambodia Daily ដែលមានជំហរគាំទ្របក្សប្រឆាំងថា «ការរារាំងមិនឲ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា គឺជាការរំលោភបំពាន លើរដ្ឋធម្មនុញ្ញច្បាស់ក្រឡែត។ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញចែងថា គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញ រដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន»។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ « នែ៎ ! លោក មាស នី ខ្ញុំផ្តាំទៅលោក ! លោកឱ្យល្មមៗបានហើយ ខ្ញុំក៏ចេះដែរតើ! ព្រោះខ្ញុំឪបណ្ឌិតដែរ។ ខ្ញុំនិយាយនេះ មិនមែនខ្ញុំអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំមានជាបណ្ឌិត ហើយបណ្ឌិតនោះមិនអន់ជាងលោកទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «គាត់ (លោក មាស នី) និយាយថា មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ ចែងថា គណៈកម្មការទាំងឡាយនៃរដ្ឋសភា អាចអញ្ជើញ រដ្ឋមន្រ្តីណាមួយ ពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ។ ខ្ញុំដឹងអំពីរដ្ឋធម្មនុញ្ញ ខ្ញុំមិនមែនជាបណ្ឌិតទេ ប៉ុន្តែខ្ញុំជា ឪបណ្ឌិត»។ សម្តេចបន្ថែម៖ «ខ្ញុំដឹងតើ សភាហៅ ខ្ញុំទៅ ប៉ុន្តែបើបក្សប្រឆាំងហៅ ខ្ញុំមិនទៅ»។
សូមបញ្ជាក់ថា នៅក្នុងសន្និសិទកាសែត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង បានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្រ្តី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ។ រដ្ឋមន្រ្តីរួមមាន រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងការងារ។
ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា សម្តេចមិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងម៉ឺងម៉ត់ និងសង្កត់ធ្ងន់ៗថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖