(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់  នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនគ្រួសាររងគ្រោះ ដែលត្រូវភ្លើង ចង្ក្រានអាំងត្រីរាលឆេះផ្ទះអស់ទាំងស្រុង កាលពីវេលាម៉ោង១១ ៖១៥នាទីយប់ថ្ងៃទី៣១ ខែមករាកន្លងមកនេះ ដែលទំហំនៃការខូចខាតអស់ជាង៣មឺុនដុល្លារ។

លោក ខូយ រីដា បានចូលរួមសម្តែងការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីរាលភ្លើង
ចង្ក្រានអាំងត្រី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ គ្មានសេសសល់អ្វីឡើយ។

លោកបានបន្តទៀតថា នេះជាគ្រោះធម្មជាតិដែលមានគ្រប់ទីកន្លែង ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដូចជាភ្លើងអគ្គិសនី ភ្លើងចង្ក្រាន និងភ្លើងទៀនធូបជាដើម ព្រោះរដូវនេះជារដូវរំហើយងាយបង្កគ្រោះអគ្គិភ័យខ្លាំងណាស់។

លោកបានជម្រាបជូនថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែមានការគិតគូ អំពីទុកលំបាករបស់ប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង មិនប្រកាន់រើសអើង អំពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈនោះឡើយ ពោលគឺឲ្យតែប្រជាពលរដ្ឋរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភ ពីកាកបាទក្រហមថ្នាក់កណ្តាល និង ថ្នាក់ខេត្ត ស្រុក ក្រុងស្មើៗគ្នា គ្រប់ក្រុមគ្រួសារទាំងអស់ ។

អំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល ក្រៅពីនោះមានសម្ភារលោកតាហួរ១០មុខ ថវិកាផ្ទាល់ខ្លួន លោក ខូយ រីដា ២០ម៉ឺនរៀល និងសមាជិក សមាជិកាសាខា ឧបត្ថម្ភបន្ថែម៦០ម៉ឺនរៀលទៀត សរុបថវិកា ១លានរៀល ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយវិហារចិន ពួយ ហ៊ួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីអគ្គីភ័យឆេះអស់ផ្ទះប្រកក្បឿង ថ្មក្រោម ឈើលើជញ្ជាំងក្តារ ក្រាលក្តារ៣ខ្នង មានទំហំ៨x១៣ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ទូច សុភ័ណ្ឌ អាយុ៦៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធា (ជាប្តី) និងឈ្មោះ កូវ ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពព្រៃញី (ជាប្រពន្ធ)។

ហើយសម្ភារខូចខាតរួមមាន៖ មាស១ដំឡឹង ២ជី ខ្សែកផ្លាកទីន១ដំឡឹង ៥ជី ស្រូវ៣តោន ទូរទស្សន៍៣គ្រឿង លុយខ្មែរ៨០ម៉ឺនរៀល លុយដុល្លារ៨០ដុល្លារ ប្លង់ដី២សន្លឹក អត្តសញ្ញាណប័ណ្ណ៤សន្លឹក សំបុត្រកំណើត៩សន្លឹក សៀវភៅគ្រួសារ២ក្បាល ម៉ាស៊ីនគោយន្ត២គ្រឿង កង់៣គ្រឿង និងសម្ភារដែលមាននៅក្នុងផ្ទះទាំងអស់ គិតជាទឹកប្រាប់ជាង៣ម៉ឺនដុល្លារ​៕