(ឧត្តរមានជ័យ​)៖ អ្នកបើក​អេស្កាវ៉ាទ័រឈូសឆាយដីម្នាក់​ ខណៈ​កាយទៅកាយមក​ ប៉ះចំមីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះ​របួសធ្ងន់ ហើយត្រូវបានគេបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចវាលបេង ក្នុងភូមិតាមាន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះដែលជាអ្នកបើកអេស្កាវ៉ាទ័ររងរបួសធ្ងន់នោះមានឈ្មោះ ឃុំ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្បាលមួក ឃុំមោងឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង​ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានបន្ត​ថា ជនរងគ្រោះរងរបួសធ្ងន់​ ដោយសារគ្រាប់មីន ដែលនៅសល់ពីសង្គ្រាម ខណៈដែលជនរងគ្រោះកំពុងបញ្ជាគ្រឿង ចក្រវាយព្រៃ ហើយបានប៉ះចំគ្រាប់មីន មួយគ្រាប់បណ្តាលឱ្យផ្ទុះរងរបួសអ្នកបើក និងខូចខាតអេស្កាវ៉ាទ័ផងដែរ៕