(បន្ទាយមានជ័យ)៖ មេយោធាសឹករងស្រុកមង្គលបូរី បានស្ពាយកាំភ្លើងវែងធុនអាកា និងទុសៀ គ្រាប់ពេញខ្លួនទៅតាមរកបាញ់ម្ចាស់ហាង ខារ៉ាអូខេ ហេង គង់ បណ្តាលអោយម្ចាស់ហាង និងបុគ្គលិកនាំគ្នារត់បាតជើងសព្រាត ដោយសារតែលោកខឹងម្ចាស់ហាងគិតលុយទាំងថ្លៃ ក្បាលមីក្រូហ្វូន និងអាំភ្លី ដែលលោកចាក់ទឹកប៊ីយ៉ែចូលធ្វើអោយខូច។
ករណីនេះបានកើតឡើង នៅអំឡុងម៉ោងប្រមាណ ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០១៧ ម្សិលមិញ នៅភោជនីដ្ឋាន និងខារ៉ាអូខេ ហេង គង់ ស្ថិតភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែលោកមេបញ្ជាការយោធារូបនេះ មិនបានបាញ់នោះទេ ព្រោះតែគេនាំគ្នារត់គេចអស់ តែប្រសិនបើនៅប្រឈមមុខវិញ ហើយមានការផ្ទុះអាវុធវិញ មិនដឹងមានរឿងអ្វីកើតឡើងខ្លះនោះទេ។
តាមសំដីប្រពន្ធម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូរខេ ហេង គង់ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ឈ្មោះ កែវ ស៊ុនលី មានតួនាទីជា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីបានស្ពាយកាំភ្លើងវែងធុន AK និងមានពាក់ទុសៀដាក់មកជាមួយ ហើយបានធ្វើការជេរប្រមាថ និងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រីបំរើការនៅក្នុងហាង ធ្វើអោយពួកគាត់នាំគ្នារត់ចែកជើងគ្នារកកន្លែងពួនរៀងៗខ្លួន។ ប្រពន្ធម្ចាស់ហាងបានបន្តថា នៅអំឡុងម៉ោងប្រមាណជាង៦ល្ងាច មុនកើតហេតុ ឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធនិងសាច់ញាតិនិងមិត្តភក្តិ មានគ្នាចំនួន៦នាក់ មិនដឹងស្រវឹងមកពីណា មិនដឹងបានចូលច្រៀងខារ៉ាអូខេហើយបានខឹងនិងស្ត្រីចាក់ខារ៉ាអូខេក្នុងបន្ទប់ថា ចាក់តែបទដែល ខ្លួនមិនចេះច្រៀង។
ពេលនោះឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូន ហើយស្ត្រីបំរើការក្នុងបន្ទប់ប្រាប់ថា បើពូយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូនខូច ថៅកែគាត់គិតលុយហើយ។ ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា៖ បើម៉ៃក្រូហ្វូនខូចគិតលុយទៅ ក្រោយពេលច្រៀងហើយអោយគិតលុយទាំងថ្លៃម៉ោងខារ៉ាអូខេ និងថ្លៃម្ហូបក្លែម ថ្លៃម៉ៃក្រូហ្វូនខូចចំនួន២ និងដោះក្បាលអំភ្លីម៉ៃក្រូហ្វូនអោយ គិតសរុបអស់ជាង១លានរៀល ហើយគាត់ក៏បានអោយលុយ៣០០ដុល្លារ អាប់លុយអោយវិញ៥០ដុល្លារ។
ក្រោយពេលប្រគល់អំភ្លីនិងម៉ៃក្រូហ្វូន អោយ ឈ្មោះកែវ ស៊ុនលី ក៏ទទួលយកទៅដាក់នៅក្នុងរថយន្ត ហើយទាញចេញពីឡានវិញយកមកបោកកំទេចចោល នៅមុខហាងតែម្តង។ ប្រពន្ធម្ចាស់ហាង ហេង គង់ បានបញ្ជាក់ប្រាប់ថា៖ ក្រោយពេលដែលឈ្មោះ កែវ ស៊ុនលី ចេញពីហាងរយៈពេល ជិតកន្លះម៉ោងក្រោយមក ស្រាប់ តែឃើញជិះរថយន្តធុនបាឡែន មកវិញចតនៅមុខហាង ហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើង AK ហើយពាក់ទុសៀដាក់ គ្រាប់ពេញផងដែរ។
ក្រោយមកជនខាងលើនេះ បាននិយាយខ្លាំងៗថា៖ អញមកបាញ់ម្ចាស់ហាង អាហេង គង់និង មីស្រីបំរើក្នុងខារ៉ាអូរខេចោល បង់លុយអោយអស់២០លានរៀល ត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ។ ក្រោយពេលនិយាយបណ្តើរ ជេរបណ្តើរ រកបាញ់បែបនេះ ម្ចាស់ហាង ហេង គង់ និងអ្នកបម្រើនៅក្នុងហាងរត់បាតជើងសព្រាត ចូលព្រៃខាងក្រោយអស់ទៅ ហើយក៏មានអ្នកស្គាល់គ្នាម្នាក់ អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាម និងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ។
ពេលនោះឈ្មោះកែវ ស៊ុនលី បានចេញពីហាងទៅស្រែកជេរនិងរកបាញ់នៅផ្ទះក្បែរផ្សារមង្គលបូរី បណ្តាលអោយអ្នកជិតខាងភ័យស្លន់ស្លោនៅពេលដែលស្រែកជេរ និងរកបាញ់ទាំងម្ចាស់ហាង ហេង គង់ និងប្រមាថរកបាញ់ឪពុកម្តាយថែមទៀត។
ប្រពន្ធម្ចាស់ហាង ហេង គង់ បានបញ្ជាក់ថា៖ក្រោយដែលឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក មង្គលបូរីជេប្រមាថមើលងាយ និងរកបាញ់សំលាប់នៅនឹងហាងរហូតដល់ផ្ទះបែបនេះ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងរួចហើយនៅទីបញ្ជាការ កងរាជអាវុធហត្ថស្រុកមង្គលបូរីដើម្បីរកយុត្តិធម៌ ជូនហើយសុំអោយចាត់វិធានការតាមច្បាប់។
ទាក់ទងទៅនឹងការអះអាងនេះ លោក កែវ ស៊ុនលី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ស្រុកមង្គលបូរី មិនត្រូវបានភ្នាក់ងារ Fresh News ទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ តែយោងតាមរូបថតវីដេអូពីកាម៉េរាសុវត្ថិ ពិតជាមានករណីនេះកើតឡើងមែន។ ជនរងគ្រោះ និងអ្នកស្រុកមង្គលបូរី បាននាំគ្នានិយាយថា ករណីនេះ បើច្បាប់មិនចាត់ការទេ នោះថ្ងៃក្រោយនឹងនាំអោយអ្នកមានអំណាច មានកាំភ្លើងនៅតែផ្គើនដើររកបាញ់គេឯងស្រេចនឹងចិត្តជាមិនខានឡើយ៕