(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសថា រដ្ឋសភា បានសម្រេចផ្អាក​ជាបណ្តោះ​អាសន្ន នូវការបញ្ជូន​សំណើ​កោះអញ្ជើញរដ្ឋមន្រ្តី ឱ្យទៅបំភ្លឺចំពោះគណៈកម្មការនានា នៃរដ្ឋសភា ដែលដឹកនាំ​ដោយគណបក្សសង្រ្គោះជាតិ។

សេចក្តីប្រកាសនេះ បានបញ្ជាក់ថា «ស្របតាមកឋាខណ្ឌទី២ នៃមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាឱ្យមានសមធម៌ នយោបាយរវាង​គណបក្សនយោបាយ​ទាំងពីរ​ដែលមានអសនៈក្នុងរដ្ឋសភា ក្នុងករណីដែលអ្នក​តំណាងរាស្រ្ត​គណបក្សក្រៅរដ្ឋាភិបាល​ពុំអនុវត្តការងាររបស់ខ្លួន នៅក្នុងរដ្ឋសភា​ជាប្រក្រតីទេនោះ រដ្ឋសភា​សម្រេចផ្អាកមិនបញ្ចូន​សំណើកោះអញ្ជើញរដ្ឋមន្រ្តី នៃ​រាជរដ្ឋាភិបាលកម្ពុជា ឱ្យមកបំភ្លឺចំពោះគណៈកម្មការនានានៃរដ្ឋសភា ដែលដឹកនាំ​ដោយគណបក្ស​ក្រៅរាជរដ្ឋាភិបាលជាបណ្តោះអាសន្នសិន»

សូមបញ្ជាក់ថា នៅក្នុងសន្និសិទកាសែត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង បានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្រ្តី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ។ រដ្ឋមន្រ្តីរួមមាន រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងការងារ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា សម្តេចមិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងម៉ឺងម៉ត់ និងសង្កត់ធ្ងន់ៗថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»