(ភ្នំពេញ)៖​ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា លោកគាំទ្រចំពោះ វិធានការណ៍ ធ្វើតេស្តពិនិត្យទឹកនោម លើមន្ត្រីប្រដាប់អាវុធ ដើម្បីស្វែងរកអ្នកញៀន គ្រឿងញៀន ប៉ុន្តែលោកយល់ថា បន្ទាប់ពី រកឃើញ មន្ត្រីប្រដាប់អាវុធដែលញៀន គួរតែអប់រំ កែប្រែ បន្សាបគ្រឿងញៀន ពួកគេជាមុនសិន ដើម្បីឲ្យពួកគេមានឱកាសកែខ្លួន ហើយប្រសិនពួកគេមិនកែខ្លួន សិមដាក់វិធានការណ៍ក្តៅ ដូចជាបណ្តេញចេញពីក្របខ័ណ្ឌ ជាដើម។

ការលើកឡើងរបស់លោក កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដី​សម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ការបណ្តេញមន្រ្តីប្រដាប់អាវុធ ដែលមានផ្ទុកសារធាតុញៀន ចេញពីអង្គភាពភ្លាមៗ មិនមែនជាដំណោះស្រាយល្អទេ ព្រោះពួកគេអត់ការងារធ្វើ នឹងត្រូវក្លាយជាបន្ទុករបស់ សហគមន៍ទៅវិញ។ ជាមួយគ្នានេះ លោក កែ គឹមយ៉ាន ក៏បានលើកឡើងថា ការធ្វើតេស្តទឹកនោម គួរតែត្រូវពិនិត្យលើអ្នកបើករថយន្តដឹកជញ្ជូន ផងដែរ ដើម្បីជៀសវាងការបង្ក គ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ក្រសួងសុខាភិបាលបានខិតខំដាក់ពង្រាយសេវាបន្សាប គ្រឿង នៅតាមមូលដ្ឋានទីតាំងសុខាភិបាលនៅទូទាំងប្រទេស ចំនួន១៧៧កន្លែង ដោយឥតគិតថ្លៃ ប៉ុន្តែមិនមានអ្នករងគ្រោះនិងអ្នក ញៀនគ្រឿងញៀន ទទួលទទួលសេវានេះឡើយ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដែលអ្នកញៀនគ្រឿងញៀន ឬសាច់ញាតិ អាចបញ្ជូនអ្នកញៀន គ្រឿងញៀន ទាំងនោះទៅបន្សាបនៅតាមមូលដ្ឋាន ទីតាំងសុខាភិបាលចំនួន ១៧៧ទីតាំងទាំងនោះ ដោយឥតបង់ប្រាក់ឡើយ។   

ការបញ្ជាក់របស់ លោក កែ គឹមយ៉ាន បានធ្វើឡើងក្រោយពីក្រសួងសុខាភិបាល បានពង្រីកយុទ្ធនា​ការត្រួត​ពិនិត្យទឹកនោមនៅ តាមសាលារៀន និង អង្គភាពដឹកជញ្ជូន ជិត២០០កន្លែង ប៉ុន្តែហាក់ដូចជាគ្មាន មន្រ្តីប្រដាប់រូបណា ទៅពិនិត្យឡើយ។ សកម្មភាពបែបនេះ បានក្លាយជារឿងដែលគួរឲ្យកត់សំគាល់ និងមានភាពមិនប្រក្រតី៕