(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យ និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ដែលជាអំណោយកាកបាទ ក្រហមកម្ពុជា ព្រមទាំងបានធ្វើសម្លការីនំប័ុងមួយពេល ផ្តល់ជូនដល់សមាគម រស្មីកុមារ កំព្រាកម្ពុជា និងក្រុមកីឡា ប្រដាល់ ជិត១០០នាក់ ដើម្បីជួយសម្រាលការខ្វះខាត ផ្នែកជីវភាពដល់ក្មួយៗ ប្អូនៗជាកីឡាករ ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខណ្ឌ បានផ្តាំផ្ញើដល់លោក ប៉ាត ណូន ប្រធានសមាគម និងលោក គ្រូ អ្នកគ្រូ ដែលមើលថែទាំ កុមារនៅក្នុងសមាគម ជួយបង្ហាត់បង្រៀនដល់ក្មួយៗកុមារឲ្យមានចំណេះដឹង និងជំនាញនានា ហើយឲ្យកុមារ ទាំងអស់តស៊ូ និងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញនានា ដើម្បីទៅប្រកបរបរចិញ្ចឹម ជីវិតទៅថ្ងៃអនាគត។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឲ្យដឹងថា ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារ កំព្រាឲ្យខិតខំរៀនសូត្រយក ចំណេះដឹង ដើម្បីកសាងខ្លួន ឲ្យក្លាយជាមន្រ្តីរាជការ ជាអ្នកជំនួញដ៏ល្អ ជាអ្នកមាន ទ្រព្យសម្បត្តិ ។ មានន័យថា ក្មួយៗមិនត្រូវផ្តេកផ្តួល ទៅ តាមកម្មផល ហើយមិនត្រូវ គិតថា ទាល់តែមានឪពុក ម្តាយ ចាំបីបាច់ថែរក្សា ទំនុកបំរុងលុយកាក់ ទើបខ្លួនយើងអាចក្លាយ ជាមន្រ្តីរាជការ ជាអ្នកមាន មុខមាត់នៅក្នុងសង្គមនោះទេ ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗអ្នកមានឪពុក ម្តាយគ្រប់គ្រងអីចឹងដែរ។
ការលើកឡើងរបស់លោក អភិបាលរងខណ្ឌខាងលើនេះ គឺចង់លើកទឹកចិត្តដល់ក្មួយៗ កំព្រាឲ្យចេះតស៊ូក្នុងជីវិត ដូចសុភាសិតមួយឃ្លាថា ចំណេះវិជ្ជាធ្វើឲ្យមនុស្ស មានសមត្ថភាព ឯការអប់រំ ធ្វើឲ្យមនុស្សមានសុចរិត ។ ដូច្នេះហើយទើបលោក អភិបាលរងខណ្ឌ ជំរុញឲ្យក្មួយៗ ខិតខំរៀនសូត្រ កុំយកពេលវេលា ទៅធ្វើអ្វីឲ្យអត់ប្រយោជន៍ឲ្យសោះ។
អំណោយសរុបរួមមាន៖ អង្ករ ៦ប៉ាវ ( ក្នុង១ប៉ាវ៣០គីឡូក្រាម ) មី១១កេស , ទឹកស៊ីអ៊ីវ ត្រីខ៦យួរ , និងឃីត ៦កញ្ចប់ ( ក្នុង១ឈុតមាន មុង ភួយ សារុង ក្រមាជាដើម ) ព្រមទាំងនំប័ុង ១៥០ដើម ។
លោក ប៉ាត ណូន ក្នុងនាមកុមារកំព្រាទាំងអស់នៅសមាគមរស្មីកុមារកម្ពុជា និងក្រុមកីឡាករប្រដាល់ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអាជ្ញាធរ ខណ្ឌ ពិេសសលោក អភិបាលរងខណ្ឌ ឌី រ័ត្នខេមរុណ ដែលបានជួយឧបត្ថម្ភ អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារ:បរិក្ខារ ផ្សេងៗ ជូនដល់សមាគម រស្មីកុមារ កម្ពុជា រាជធានីភ្នំពេញ ។ នេះគឺជាកាយវិការមួយបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធ៌មរបស់ថ្នាក់ ដឹកនាំអាជ្ញាធរ ដែលមានទឹកចិត្តអាណិតស្រឡាញ់ដល់ក្មួយៗកុមារកំព្រាដែលកំពុងជួបការខ្វះ ខាតក្នុងជីវភាព នាពេលសព្វថ្ងៃនេះ ។