(បាត់ដំបង)៖ កម្លាំងអាវុធហត្ថក្រុងបាត់ដំបង បានបញ្ជូនជនសង្ស័យស្រីប្រុស២នាក់ ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីបានឃាត់ខ្លួន កាលពីវេលាម៉ោង១៤៖៣០នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិរំចេក១ សង្កាត់រតនះ ក្រុង-ខេត្ថបាត់ដំបង។

មន្រ្តីអាវុធហត្ថក្រុងបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង១៤៖៣០នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិរំចេក១ សង្កាត់រតនះ ក្រុង-ខេត្ថបាត់ដំបង កម្លាំងអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យស្រីប្រុស២នាក់ ក្នុងបទល្មើសជាក់ស្តែងខណៈពេលកំពុងជួញដូរគ្រឿងញៀន ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១ថង់មានទម្ងន់ស្មើនឹង០,៥០ក្រាម ទូរស័ព្ទ០១គ្រឿង និងសម្ភារៈជក់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

មន្រ្តីជំនាញបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មាន៖ទី១-ឈ្មោះ ភាព សុភ័ក្រ្ត (ហៅទូច) ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក១ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង និងទី២-ឈ្មោះ លឿម ចន្ធី (ហៅហួង) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក១ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនិតិវិធីរួចហើយ ៕