(ភ្នំពេញ)៖ នៅក្នុងខែមករា ឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ នៅកម្ពុជា កម្លាំងសមត្ថកិច្ចបានបង្ក្រាបបានចំនួន១,១៤៤ករណី ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូរ និងប្រើប្រាស់ចំនួន ២,៧៧៣នាក់ នេះបើតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
របាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផល នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដីសម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចដែលមានកម្លាំងនគរបាលជាតិ និងអាវុធហត្ថ បានបង្ក្រាបគ្រឿងញៀន៖
* លទ្ធផលបង្ក្រាបរួមសរុបចំនួន ១,១៤៤ករណី ឃាត់ខ្លួន២,៧៧៣នាក់ ស្រី២៦៧នាក់ ចាប់យកសារធាតុញៀនបានចំនួន ៩១៤៨.៥៣ក្រាម រថយន្ត១១គ្រឿង ម៉ូតូ២៥៧គ្រឿង ទូរស័ព្ទដៃ៧០៣គ្រឿង។
១៖ ករណីជួញដរ៧៥៥ករណី ឃាត់ខ្លួន១៣៣០នាក់ ស្រី១៧២នាក់
២៖ ករណីប្រើប្រាស់៣៨៧ករណី ឃាត់ខ្លួន ១៤៤០នាក់ ស្រី៩៤នាក់
៣៖ អនុវត្តន៍តាមដីកាចំនួន ១៩ករណី ឃាត់ខ្លួន១៩នាក់ ស្រី៣នាក់ ។