(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្រ្តីរាជការស៊ីវិលរួមទាំងគ្រូបង្រៀនប្រមាណ ១២ម៉ឺននាក់ផងដែរ ស្ទើរតែ ១០០ភាគរយទៅហើយ ដែលបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាកលវិទ្យាល័យ NUM បណ្តុះបណ្តាលនិស្សិតបានជាង ៤ម៉ឺននាក់ និងជាង ១ម៉ឺននាក់ កំពុងតែសិក្សា ក្នុងនោះការរៀនបង់ថ្លៃច្រើនជាងអ្នករៀនអាហារូបករណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានមោទនភាពខ្លាំង ចំពោះគោលនយោបាយអនុញ្ញាតឲ្យសកលវិទ្យាល័យរដ្ឋ អាចផ្តល់ការសិក្សាជាមួយការបង់ថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបនិងកំណើននិស្សិតបញ្ចប់ការសិក្សា និងផ្តល់ការងារជូននិស្សិត គឺត្រូវតែប្រឹងប្រែងទាក់ទាញការវិនិយោគ ពីក្រៅប្រទេសឲ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ក៏ជឿជាក់ថា បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគោលនយោបាយជាតិ និយមចង់ទាញការបណ្តាក់ទុនក្រៅប្រទេសចូលស្រុកវិញយ៉ាងណាក្តី តែសម្តេចមិនជឿលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកយកក្រុមហ៊ុនកូកាកូឡា ចេញពីប្រទេសកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាមេរិកជាប្រទេសដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ដោយក្នុងនោះពលរដ្ឋរបស់អាមេរិកម្នាក់ៗជំពាក់គេជាង៦ម៉ឺនដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាហ្វូស ប្រទេសស្វីស កាលពីដើមខែមករា កន្លងទៅនេះ សម្តេច បានស្តីបន្ទោសឲ្យសាកលវិទ្យាធិការសាកលវិទ្យាល័យពីររូប ដែលបានមិនដឹងអីសោះអំពីបញ្ហាសមុទ្រចិនខាងត្បូង។ សាកលវិទ្យាធិការ សាកលវិទ្យាល័យពីររូបនោះ បានសួរសម្តេចពីរឿងបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេសការមិនគោរពសេចក្តីសម្រេចរបស់តុលាការមជ្ឈិតកម្មអន្តរជាតិ ដែលសម្រេចឲ្យហ្វីលីពិនឈ្នះក្តីលើចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ាន មិនត្រូវធ្វើជាស្មៅឲ្យដំរីជាន់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យគោលនយោបាយពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP ដួលរលំ ព្រោះសម្តេចថា គោលនយោបាយនេះ មានចរិតញុះញង់ និងបំបែកបំបាក់ ព្រោះបានយកប្រទេសសមាជិកអាស៊ានតែ៤ប៉ុណ្ណោះ ចូលជាសមាជិករបស់ TPP ដែលលោក ដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាដកអាមេរិកចេញវិញនាពេលថ្មីៗនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនោះ សម្តេចក៏បានស្តីបន្ទោសទៅឲ្យអ្នកដែលបាននិយាយថា អាស៊ានឈានទៅរកផ្លូវបែកបាក់។ សម្តេចថ្លែងថា អាស៊ាន គ្មានផ្លូវបែកបាក់នោះទេ ព្រោះអាស៊ាន គ្មានបងធំ។ ប៉ុន្តែត្រូវសួរទៅសហគមន៍អឺរ៉ុបថា តើនរណានឹងត្រូវចាកចេញបន្ទាប់ពីប្រទេសអង់គ្លេស ព្រោះតំបន់អឺរ៉ុបមានបងធំច្រើន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចង់កូនចៅរបស់សម្តេចណាម្នាក់ ក៏ដូចជាត្រកូលហ៊ុន ទៅធ្វើការនៅក្រសួងសេដ្ឋកិច្ច ព្រោះសម្តេចមិនចង់ឲ្យ ពាក់ព័ន្ធរឿងលុយកាក់។ សម្តេចតេជោ ថ្លែងថា ការមិនឲ្យកូនៗរបស់ទៅធ្វើការនៅក្រសួងសេដ្ឋកិច្ច មិនមែនដោយសារតែកូនៗសម្តេចមិនចេះសេដ្ឋកិច្ចនោះទេ ជាក់ស្តែងលោក ហ៊ុន ម៉ាណែត ធ្លាប់បានធ្វើផ្នែកសេដ្ឋកិច្ចជាមួយធនាគារពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផ្តាំផ្ញើទៅអ្នកវិភាគនយោបាយ លោក មាស នី ឲ្យមានការប្រយ័តប្រយែងចំពោះការវិភាគរបស់ខ្លួន។ បណ្ឌិតវិភាគគ្មានដឹងខ្យល់អី។ សម្តេចបានឆ្លើយតបថា សម្តេចគឺជាឪបណ្ឌិត ព្រោះមានកូនជាបណ្ឌិត មិនតិចជាង២នាក់ទេ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយឲ្យដឹងថា រាល់ការសម្ភាសន៍របស់កាសែតភ្នំពេញប៉ុស្តិ៍ជាមួយគណបក្សប្រឆាំង ត្រូវបានបញ្ជូនទៅឲ្យសម្តេច។ សម្តេចថ្លែងបញ្ជាក់ថា នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ក៏មានមនុស្សរបស់សម្តេចផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យរដ្ឋមន្រ្តីទៅឆ្លើយនៅសភាទេ ព្រោះបក្សប្រឆាំងមិនចូលប្រជុំ។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅរដ្ឋមន្រ្តីទាំងអស់ថា ទៅឆ្លើយនៅសភា ចំពោះការកោះហៅរបស់សមាជិកសភា ដែលចូលធ្វើការនៅវិមានរដ្ឋសភា ហើយបើសមាជិកសភាណា មិនចូលធ្វើការមិនចាំបាច់ទៅឆ្លើយបំភ្លឺជាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅល្ងាចនេះនឹងមានកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ។ បើតាមសម្តេចធ្លាប់បានលើកឡើងថា វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយថ្មីត្រូវកំណត់ថា ប្រធាន ឬអនុប្រធានបក្សនយោបាយណា ដែលជាទណ្ឌិត ឬមានពិរុទ្ធ គឺមិនអាចនៅឈរឈ្មោះ ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យច្បាប់ស្តីពីបក្សនយោបាយយកលំនាំតាមច្បាប់នៅក្នុងប្រទេសថៃ ដោយកំណត់ថា បក្សនយោបាយណាធ្វើផ្ទុយពីច្បាប់ ត្រូវរំលាយចោលតែម្តង ហើយហាមឃាត់សិទ្ធិធ្វើនយោបាយថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងលោក សម រង្ស៊ី ផែនការក៥ កើតមានដោយសារក្រុមលោក សម រង្ស៊ី ដែលរួមដៃជាមួយខ្មែរក្រហម ប៉ុនប៉ងនាំយកខ្មែរក្រហមគ្រប់គ្រងប្រទេសជាថ្មី។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ខ្លាំងៗថា ផែនការក៥ គឺផែនការការពារជាតិ គឺជាការទប់ស្កាត់ការវិលត្រឡប់មកវិញរបស់របបខ្មែរក្រហម។
* សម្តេចនាយករដ្ឋមន្រ្តី បានហៅការមើលងាយថ្ងៃ៧ មករា របស់លោក សម រង្ស៊ី ថាជាការមើលងាយដល់វិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិត ក៏ដូចជា ជនរងគ្រោះក្នុងរបបខ្មែរក្រហម រួមទាំងសាចញាតិរបស់លោក សម រង្ស៊ី ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៤នាទី៕