(ព្រៃវែង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដែលបន្សល់ទុក ដោយអាមេរិកទម្លាក់មកលើទឹកដីកម្ពុជា ក្នុងខេត្តព្រៃវែង នឹងត្រូវបើកប្រតិបត្តិការដោះចេញ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ ដោយមានការជម្លៀសប្រជាពលរដ្ឋ នៅជិតនឹងទីតាំងប្រតិបត្តិការចេញ ទៅរកកន្លែងសុវត្ថិភាពរយៈពេលខ្លីផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ លោកអគ្គនាយកបានបន្ថែមថា CMAC បានប្រជុំពិភាក្សាជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួចរាល់ហើយ អំពីគម្រោងជម្លៀសប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ លោកថា ជំហ៊ានដំបូងនៅពេលប្រតិបត្តិការជីកទីតាំងគ្រាប់បែកនេះ នឹងត្រូវជម្លៀសប្រជាពលរដ្ឋ ចម្ងាយប្រមាណ២០០ម៉ែត្រ ប៉ុន្តែប្រសិនបើឃើញគ្រាប់បែកនោះ នឹងត្រូវបន្ថែមចម្ងាយពី៥០០ម៉ែត្រ ទៅ១គីឡូម៉ែត្រ។
លោកបន្តថា «យើងចង់ឲ្យប្រតិបត្តិការនេះ ធ្វើឲ្យបានរួចរាល់ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ជាទូទៅប្រតិបត្តិការ អាចចំណាយពេលពី១ថ្ងៃទៅ២ថ្ងៃ តែប្រសិនបើវាស្មុគស្មាញ អាចត្រូវចំណាយពេល៥-៦ថ្ងៃ»។
ជាមួយគ្នានេះ លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមេត្តាសហការជាមួយនឹងកម្លាំង សមត្ថកិច្ចជម្លៀសចេញទៅចំងាយសុវត្ថិភាព តាមការណែនាំ របស់មន្ត្រីស៊ីម៉ាក់ និងកម្លាំងសមត្ថកិច្ច ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសម្រួលដល់កិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់បែកនេះ។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺនខ្នងផងដែរ៕