(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានណែនាំដល់មន្ត្រីជំនាញ បន្ដចុះប្រតិបត្តិការផ្សព្វផ្សាយ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីក្រុងព្រះសីហនុ រហូតដល់ស្រុកកំពង់សីលា។
ប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ បានដាក់បទបញ្ជាបន្តទៅ លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាល ដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក្រុមចល័តចំនួន១៥នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន៩នាក់ សរុប២៤នាក់ ដោយចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យល្បឿន ត្រួតពិនិត្យជាតិស្រវឹង និងមិនពាក់មួកសុវត្តិភាពនៅពេលយប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំ អ្នកបើកបរយានយន្តល្មើសច្បាប់គ្រប់ប្រភេទលើផ្លូវជាតិលេខ៤ ចាប់ពីក្រុងព្រះសីហនុ រហូតដល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ លោកស្នងការខេត្តព្រះសីហនុ បានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី០១ ខែកុម្ភៈនេះ កម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត បានចុះបង្ក្រាប និងចាប់ជនសង្ស័យ២នាក់ ដែលរក្សាទុកនូវសារធាតុញៀន ហើយជាក្រុមដែលចែកចាយគ្រឿងញៀនដល់ជនបរទេស ស្ថិតនៅកំពង់ផែព្រះសីហនុ។
លោកស្នងការបញ្ជាក់ថា ជនសង្ស័យដែលឃាត់បានឈ្មោះ អ៊ួន នឿន មុខរបរ កម្មករសេរី នៅកំពុងផែក្រុងព្រះសីហនុ និងឈ្មោះ ញ៉ គីម អាយុ២៥ឆ្នាំ មុខរបរ កម្មករសេរី នៅកំពុងផែក្រុងព្រះសីហនុ។ ក្នុងនោះកម្លាំងជំនាញដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន ដែលបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕