(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងក្រសែភ្នែកវិនិយោគិនជប៉ុន កម្ពុជា គឺជាទីផ្សារ ដែលមានសក្តានុពលសម្រាប់វិស័យសេវាកម្ម។ ឈរលើទស្សនទាន ជប៉ុន បានវិនិយោគផ្សារទំនើបអ៉ីអនសាខាទី១ និងទី២ ការបើកឲ្យមានជើងហោះហើរត្រង់របស់អាកាសចរណ៍ជប៉ុន ANA ពីតូក្យូ មករាជធានីភំ្នពេញ និងការបើកដំណើរការភោជនីយដ្ឋានជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាដើម។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ថ្លែងដូច្នេះក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEC) ជាមួយអង្គភាពក្រុមសហគ្រិនវ័យក្មេងនៃសភាពាណិជ្ជកម្មប្រទេសជប៉ុន (YEG) នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រី បានហៅការចុះអនុស្សរណៈនេះ ជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
«ខ្ញុំសង្ឃឹមថា សហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ នឹងមានឱកាសធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកិច្ចការប្រកបធុរកិច្ច ដើម្បីឈានទៅសហការវិនិយោគលើវិស័យដ៏មានសក្តានុពលផ្សេងៗ សំដៅបង្កើតប្រាក់ចំណេញ និងឱកាសការងារជូនប្រជាជន ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោក ហ៊ិដេហ៊ីសា អូរីនូឈិ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងស្ថិរភាពនយោបាយ គឺជាកត្តាទាក់ទាញដល់សហគ្រិនជប៉ុនជាច្រើន។ «ខ្ញុំជឿថាពិធីចុះ MoU ថ្ងៃនេះ នឹងជួយបង្កើនទំនាក់ទំនងឈ្នះៗ រវាងសហគ្រិនវ័យក្មេងរបស់ជប៉ុន និងកម្ពុជា»។
យោងតាមទិន្ន័យផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន នៅក្នុងឆ្នាំ២០១៣ មានចំនួន ១៧៣លានដុល្លារ, ឆ្នាំ២០១៤ មានចំនួន ៥១៦លានដុល្លារ និងឆ្នាំ២០១៥ បានកើនដល់ចំនួន ៦៦៦លានដុល្លារ។ ទន្ទឹមគ្នានេះ ក្នុងទឹកប្រាក់វិនិយោគដោយផ្ទាល់ពីបរទេស (FDI) លើវិស័យអចលនទ្រព្យដែលមានទំហំ ៧.២ពាន់លានដុល្លារ សម្រាប់រយៈពេល ៨ខែ នៃឆ្នាំ២០១៦ ប្រទេសជប៉ុន បានឈរក្នុងលំដាប់ទីបី ខណៈដែលប្រទេសចិន ឈរនៅក្នុងលំដាប់ទី១ ហើយប្រទេសកូរ៉េខាងត្បូង ឈរក្នុងលំដាប់ទី២៕