(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ សិស្សនគរបាលទាំងអស់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រក្នុងពេលបណ្ដុះបណ្ដាល និងត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញការងារ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល តំណាងទូទាំងប្រទេស សម្រាប់សិស្សនាយនគរបាល និងសិស្សនាយរងនគរបាលចំនួន ១,៦៥១នាក់ ដែលត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលចំនួន ៨វគ្គ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក សេង ផល្លី បានណែនាំថា «ប្អូនៗមិនទាន់ក្លាយជាមន្រ្តីនគរបាលនៅឡើយទេ ហើយវគ្គនេះ មានគោលបំណងបណ្ដុះបណ្ដាលបេក្ខជនជ័យលាភីទាំងអស់ ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ មុនចេញទៅបំពេញការងារ»។
លោក សេង ផល្លី បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបានបន្ថែមថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ក្នុងន័យនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ទាំងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានផ្ដាំផ្ញើដល់គ្រូបណ្ដុះបណ្ដាលនគរបាល ក្នុងឱកាសនោះថា ត្រូវណែនាំសិស្សនគរបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះកុំរៀនឲ្យចប់» ហើយសិស្សនគរបាលខ្លួនឯង ក៏ត្រូវបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តលើខ្លួន ក្នុងពេលបំពេញការងារ។
សូមជម្រាបថា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានជ្រើសរើសមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ជាង៤ពាន់នាក់ តាមរយៈការប្រឡងប្រជែង ហើយតាមគោលការណ៍ដែលមានចែងក្នុងព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បេក្ខជនទាំងពីរភេទ ដែលបានប្រឡងប្រជែងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល មុនពេលប្រកាសតែងតាំងចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ៕