(ភ្នំពេញ)៖ បុរសរត់ម៉ូតូឌុបម្នាក់មានមន្តស្នេហ៍ មានប្រពន្ធរហូតដល់ទៅ៣នាក់ ប៉ុន្តែលើកចុងក្រោយនេះ ក៏ត្រូវនាងជាប្រពន្ធទី៣ ដាក់ពាក្យប្តឹងសុំឲ្យចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួយចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានចោទ ប្រកាន់ថា គាត់បានចុះចោលនាង ទៅរស់នៅជាមួយនាងទី២វិញ ហើយបានស៊ីចាយយកទ្រព្រសម្បត្តិរបស់នាង អស់ជាច្រើនពាន់ដុល្លារថែមទៀតផង។
បុរសមានមន្តស្នេហ៍ម្នាក់នោះឈ្មោះ មាស ហ៊ុយ អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុបមានប្រពន្ធដើមឈ្មោះ ហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំ មានកូន៨នាក់ (ស្រី៤នាក់ ប្រុស៤នាក់) រស់នៅភូមិព្រឹក្សា ឃុំស្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។
ក្រោយមកគាត់បានលួចផិតក្បត់ពីប្រពន្ធដើមខាងលើ ទៅមានទំនាក់ទំនងស្នេហាជាមួយនាងទី២ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំ មានកូនប្រុសម្នាក់ អាយុ១៣ឆ្នាំរស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកំណើតនៅក្នុងភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ក្រោយពេលដែលរស់នៅជាមួយនាងជាប្រពន្ធទី២ បានមួយរយៈពេល ស្រាប់តែនាងទី២នោះ បានចាកចេញពីជីវិតរបស់គាត់ និងបានទៅកាន់ប្រទេសថៃបាត់ ហើយក្រោយមកបានឮថា នាងទី២បានប្ដីថ្មី នៅឯប្រទេសថៃចោលគាត់ ហើយរយៈពេល៣ឆ្នាំក្រោយមក បុរសនេះក៏បានមានទំនាក់ទំនងជាមួយ ស្រ្តីម្នាក់ទៀតឈ្មោះ ឆាយ រ៉ា អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង។
ដោយបានយកគ្នាជាប្ដីប្រពន្ធ គិតរហូតមកដល់ឆ្នាំ២០១៧នេះ មានរយៈពេល៧ឆ្នាំហើយ ប៉ុន្តែនៅពេលថ្មីៗកន្លងមកនេះ នាងទី២ បានវិលត្រឡប់មកពីប្រទេសថៃវិញ ស្រាប់តែបុរសនោះ បានវិលត្រឡប់ទៅរួមរស់នៅជាមួយនាងទី២យ៉ាងងរំភើយ ដោយបានប្រមូលយកទ្រព្យសម្បត្តិរបស់នាងទី៣ ទៅជាមួយអស់ជាច្រើនពាន់ដុល្លារផង ទើបធ្វើឲ្យនាងទី៣ កើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីសំណាក់ លោកចៅសង្កាត់ដើម្បីចាត់ការប្ដីដែលបោកទាំងខ្លួនប្រាណ និងទ្រព្យសម្បត្តិរបស់នាងនាពេលនេះ៕