(ភ្នំពេញ)៖ ក្រុមភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែក្រវីក្បាល និងបន្តរិះគន់យ៉ាងខ្លាំងចំពោះទីតាំង X-Ray (កន្លែងត្រួតពិនិត្យឥវ៉ាន់យួរដៃ) ថា មានភាពយឺតយ៉ាវយ៉ាងខ្លាំង បណ្តាលឲ្យកកស្ទះមនុស្សជារៀងរាល់ថ្ងៃ មុនពេលដែលពួកគេត្រូវឡើងចូលទៅក្នុងយន្តហោះ។
កាលពីពេលថ្មីៗនេះ អ្នកដំណើរក៏បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយពីភាពយឺតយ៉ាវទាំងនេះ ប៉ុន្តែរហូតមកដល់់ពេលនេះ ថ្នាក់ដឹកនាំព្រលានយន្តហោះ និងមន្រ្តីពាក់ព័ន្ធមិនទាន់មានដំណោះស្រាយនោះទេ ពោលនៅតែទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហានេះកើតឡើងដដែល។
ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែមានសភាពយ៉ាងណែនណាប់ បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។
ភ្ញៀវជនជាតិខ្មែរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ បាននិយាយថា មានភ្ញៀវជាច្រើននាក់ជាពិសេសបរទេសតែម្តង បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង។
បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះ បានកើតឡើងយូរថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង។