(ភ្នំពេញ)៖ គម្រោងថវិកាកែសម្រួលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ ២០១៦-២០១៧ ត្រូវបានអនុម័ត ដោយក្រុមប្រទេស ដែលមានចំណាប់អារម្មណ៍លើការងាររបស់ អ.វ.ត.ក នៅបុរីញ៉ូយ៉កសហរដ្ឋអាមេរិក និងត្រូវបានផ្សព្វផ្សាយលើគេហទំព័រ អ.វ.ត.ក ហើយនាពេលនេះ។
គម្រោងថវិកាកែសម្រួលសម្រាប់ឆ្នាំ ២០១៧ នេះ មានទឹកប្រាក់សរុបចំនួន ៣០,១៣លានដុល្លារអាមេរិក ដែលក្នុងនោះភាគី អន្តរជាតិគ្រោងចំណាយចំនួន ២៣,៧៦ លានដុល្លារអាមេរិក និង ភាគីជាតិ គ្រោងចំណាយចំនួន ៦,៣៧ លានដុល្លារអាមេរិក។
គម្រោងថវិកាខាងលើនេះ មានការកើនឡើងចំនួន១,៩៤លានដុល្លារអាមេរិក សម្រាប់ទាំងពីរភាគី គឺភាគីជាតិ និងអន្តរជាតិនៃ អ.វ.ត.ក ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និង លោកឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃអ.វ.ត.ក បានថ្លែងថា៖ «យើងខ្ញុំសូមស្វាគមន៍ ចំពោះការអនុម័តលើគម្រោងថវិកាថ្មីនេះ និងសូមអំពាវនាវដ៏ទទួចដល់សហគមន៍ម្ចាស់ ជំនួយបន្តផ្តល់ជំនួយហិរញ្ញវត្ថុចាំបាច់ដល់ អ.វ.ត.ក ដើម្បីអនុវត្តដោយជោគជ័យលើអាណត្តិការងាររបស់ខ្លួន»។
គួរបញ្ជាក់ថា គម្រោងថវិកាសម្រាប់ឆ្នាំ ២០១៦ ត្រូវបានកែសម្រួលដោយឈរមូលដ្ឋាន នៃការចំណាយសរុបចំនួន ៣០,៦១ លានដុល្លារ ដែលក្នុងនោះភាគីអន្តរជាតិ ចំណាយថវិកាអស់ចំនួន ២៤,០៦លានដុល្លារអាមេរិក និងភាគីជាតិចំណាយថវិកា ៦,៦៤ លានដុល្លារអាមេរិក៕