(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋាន ប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្ដិការចុះបង្ក្រាបវង់ល្បែងស៊ីសង ដែលបាន លួចលេង នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅជិតបន្ទាយ៩៩ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែអ្នកញៀនល្បែងទាំងប្រុស ទាំងស្រី បាននាំគ្នារត់ប្រសេចប្រសាចបាតជើងសព្រាត ដោយបន្សល់ទុកមាន់គករស់ចំនួន៤ក្បាល និងងាប់១ក្បាល ថែមទាំងសំភារៈមួយចំនួន នៅពេលដែលឃើញកម្លាំងសមត្ថកិច្ចចុះទៅ។

មន្ដ្រីនគរបាលសង្កាត់ចោមចៅ បានឲ្យដឹងថា បើទោះបីកម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកញៀនល្បែងណាម្នាក់នោះឡើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចបាន ដកហូតបានមាន់​ចំនួន៥ក្បាល គឺនៅរស់៤ក្បាល និងងាប់មួយក្បាល រួមទាំងសម្ភារ នៅនឹងកន្លែងជាក់ស្ដែង ដូចជា បៀរ កំរាលសំរាប់លេងអាប៉ោង ជាដើម។

មន្ដ្រីនគរបាលបានបន្ដថា ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងដើម្បីអនុវត្ដគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងតបតាម ការណែនាំរបស់ស្នងការ​នគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងបង្កជាបទ ល្មើស លួច ឆក់ ប្លន់ ជាដើម។

ជាមួយគ្នានេះអធិការខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទប់ ស្កាត់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕