Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនៈល្ងីល្ងើ៖...ពីដើមមាន «ចោរពានវាំង» សម័យនេះមាន «ចោរនៅក្នុងរដ្ឋសភា...» !

01-02-2017 17:33

(ភ្នំពេញ)៖ ពីដើមឡើយគេធ្លាប់តែឮចាស់ៗហៅគ្នាថា «អាចោរពានវាំង..» ដែលគេសំដៅទៅដល់ជនទាំងឡាយណាដែលថ្លើមធំ ខ្លួនតូចទាប តែហ៊ានទៅឈ្លោះតតាំង ឬបំពាបំពានទៅលើអ្នកធំ ឬអ្នកមានអំណាចជាងខ្លួន ឬក៏ជនណាដែលហ៊ាននិយាយ ឬបញ្ចេញអកប្បកិរិយាប៉ះពាល់ទៅដល់រាជា​ ឬញាតិវង្សជាដើម​នោះ​ក៏គេហៅជននោះថា ជាចោរពានវាំងផងដែរ បានន័យថា គេចាត់ទុកជននោះជាមនុស្សមិនស្គាល់ខ្ពស់ទាប មិនស្គាល់រាក់ជ្រៅ សូម្បីតែវាំងស្ដេចក៏ហ៊ានបំពាបំពានដែរ។

សម័យឥឡូវគេកម្រឮពាក្យ «អាចោរពានវាំង..» នោះណាស់ តែបែរជាមានពាក្យថ្មីមួយទៀតស្ដាប់ ទៅដូចជារៀងទាន់សម័យជាងពីមុន ព្រោះស្ដាប់ឮគេហៅគ្នានៅតាមហ្វេសប៊ុកថា «អាចោរនៅក្នុងរដ្ឋសភា» ទៅវិញ។

នាយខ្វែកស្ដាប់ឮគេនិយាយគ្នានៅតាមហ្វេសប៊ុកថា «អាចោរនៅក្នុងរដ្ឋសភា» មុនដំបូងចង់ភ័យបុកពោះជំនួសអ្នកនិយាយ ព្រោះហាក់ដូចជាមើលងាយ សភាជាតិពេក។ រដ្ឋសភាកើតចេញពីការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ដែលមាន៥ឆ្នាំម្ដង តំណាងរាស្ត្រដែលចូលទៅធ្វើការ និងប្រជុំនៅក្នុង សភាសុទ្ធតែមានអភ័យឯកសិទ្ធិ មិនអាចជនណាទៅរំលោភបំពានផ្ដេសផ្ដាស់បានទេ រឿងអីគេនាំគ្នាចោទបែបនេះទៅវិញ។

ដល់តែស្ដាប់ឲ្យអស់សេចក្ដីទៅទើបដឹងថា គេមិនបាននិយាយចោទរដ្ឋសភា ឬចោទថានៅក្នុងវិមានរដ្ឋសភាមានចោរចូលលួចស្បែកជើង លួចឡាន លួចម៉ូតូ ឬលួចដោះម៉ាស៉ីនត្រជាក់ឯណា តាមពិតគឺចោរ (តំណាងរាស្ត្រ) លួចសហាយស្មន់គ្នានៅក្នុងបន្ទប់ធ្វើការរបស់ខ្លួននៅក្នុងរដ្ឋសភាតើ...!។

អញ្ចឹងតើ​.! បានជាប៉ូលីសយាមសភានាំគ្នា ភ័យស្លន់ស្លោ ព្រោះរកមុខចោរមិនឃើញ បើចោរលួចសហាយស្មន់នៅតែក្នុងបន្ទប់កម្មសិទ្ធិរបស់គេបិទទ្វារ​ ចាក់សោជិតឈឹង​អញ្ចឹងធ្វើមិចប៉ូលីសដឹងទៅ ពិតជាពូកែរកកន្លែង​លួចស៊ីស្ងាត់ៗមែន សូម្បីតែប្រពន្ធក៏មិនអាច​តាមចាប់ទាន់ដែរ ព្រោះមិននឹកស្មានថា ប្ដីហ៊ានទៅលួច «សៅគ្រី» ដល់បន្ទប់ធ្វើការកន្លែង​​អនុម័តច្បាប់​កំពូលរបស់​ប្រទេសយ៉ាងដូច្នេះសោះ។

អារឿងប្ដីលួច «សៅគ្រី» លួចសហាយស្មន់គ្នាជាមួយលេខា ឬយកនាងៗពីក្រៅចូលដល់ក្នុងប៊ុយរ៉ូបែបនេះ បើនាយខ្វែកចាំមិនភ្លេចទេ កាលពីរាជរដ្ឋាភិបាល អាណត្តិទី២ ធ្លាប់ល្បីម្ដងហើយ កាលណោះមានព័ត៌មានលេចឮថា មានសហរដ្ឋមន្ត្រីក្រសួងមួយនោះលួចសហាយស្មន់ ជាមួយលេខានៅលើតុក្នុង ប៊ុយរ៉ូធ្វើការតែម្ដង ហើយគេលបមើលឃើញនាំគ្នាយកមកនិយាយចែកគ្នាសើចលាន់ តែអ្វីដែលសំខាន់នោះគឺលោកកុង្សីរូបនោះអង្គុយកៅអីរដ្ឋមន្ត្រីមិនទាន់ ក្ដៅគូទផង ក៏ត្រូវជ្រុះតំណែងបាត់ទៅ។

កាលណោះរាសីដាក់ អារក្សជាន់មិនត្រឹមចង្រៃតែបុគ្គលខ្លួនឯងម្នាក់ប៉ុណ្ណោះទេ គឺរាលដាលដល់គណបក្សរបស់ខ្លួនរហូតដល់ចង់រលាយរលត់ បាត់ឈ្មោះទាំងស្រុង ទៀតផង ចង្រៃនេះក៏ដោយសារ «សៅគ្រី» មិនចេះគិត មិនទៅរកផ្ទះសំណាក់រកសណ្ឋាគារទេ សូម្បីតែលើតុក្នុងប៊ុយរ៉ូ ធ្វើការរបស់ខ្លួនក៏មិនលើកលែង។

ឥឡូវក្រោយពីលេចឮព័ត៌មានថា មានលោកតំណាងរាស្ត្រមកពីបក្សប្រឆាំងម្នាក់នោះ លួចសហាយស្មន់ជាមួយលេខានៅក្នុងប៊ុយរ៉ូធ្វើការរបស់ខ្លួននៅក្នុងរដ្ឋសភា មក នាយខ្វែកចេះតែដេកគិតថាតិចលោរាសីដាក់ អារក្សជាន់ ចង្រៃពេញរដ្ឋសភាដូចកាលលោកកុង្សីមកពីបក្សមួយនោះ កាលពីរាជរដ្ឋាភិបាល អាណត្តិទី២ទៀតទៅ។ ដើម្បីកុំឲ្យរាសីដាក់ អារក្សជាន់ កើតរឿងក្ដៅក្រហាយចង្រៃពេញរដ្ឋសភាទាន់ គួរតែនិមន្តព្រះសង្ឃ១០,០០០អង្គ ទៅសូត្រមន្ត ប្រោសព្រំលើករាសីដេញឧបទ្រុបចង្រៃចេញឲ្យហើយទៅកុំទុកយូរ...៕