(បន្ទាយមានជ័យ)៖ អតីតគ្រូបង្រៀនម្នាក់ រស់នៅក្នុងភូមិរការថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលគេ ដឹងថាគាត់មានជំងឺសរសៃប្រសាទនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងទឹកប្រឡាយ ចម្ងាយ៥០០ម៉ែត្រពីផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុច ឡុង អាយុ៤៨ឆ្នាំ ជាអតីតគ្រូបង្រៀន តែក្រោយមកមានជំងឺ សរសៃប្រសាទ គាត់ត្រូវបានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេក សម្រេចបញ្ឈប់ការងារបង្រៀនគាត់។ តាំងពីនោះមក គាត់ក៏ចេះដើរមិននៅផ្ទះអត់បាយអត់ទឹករៀងរាល់ថ្ងៃ។
លុះដល់ថ្ងៃកើតហេតុនេះ អ្នកភូមិក៏ប្រទះឃើញសពលោក ឡុច ឡុង អណ្តែតទឹកប្រឡាយស្លាប់ នៅចម្ងាយពីភូមិពន្សាយត្បូងឃុំ ស្វាយចេក ប្រមាណជាង៥០០ម៉ែត្រ។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វយាចេក ក៏ចុះទៅពិនិត្យភ្លាម ហើយឃើញថាជនរងគ្រោះពិតជា ស្លាប់ដោយលង់ទឹកខ្លួនឯងពិតមែន ប្រហែលជាគាត់ដើរដាច់កើតខ្យល់ដួលធ្លាក់ទឹកលង់ស្លាប់។ ក្រោយពិនិត្យមើល សព្វគ្រប់ហើយ កម្លាំងសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕