(បន្ទាយមានជ័យ)៖ អាជ្ញាធរស្រុកភ្នំស្រុក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បានចាប់ផ្ដើមសាងសង់ប្រព័ន្ធលូមួយខ្សែ មានប្រវែង ២៥០ម៉ែត្រ ដើម្បីរំដោះទឹកស្អុយចេញពីទីប្រជុំជនស្រុក ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងបានកែលម្អសោភ័ណភាពតំបន់កម្សាន្ត អាងត្រពាំងថ្ម ដែលជាតំបន់ទេសចរណ៍ធំមួយផងដែរ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ដោយមានការណែនាំពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរស្រុកបានចុះបើកការសាងសង់ប្រព័ន្ធលូថ្មី មានប្រវែង ២៥០ម៉ែត្រ ដើម្បីរំដោះទឹកស្អុយចេញពីទីប្រជុំជនស្រុក និងបានធ្វើការកែលម្អសោភ័ណភាពស្រុកភ្នំស្រុកផងដែរ
ព្រោះស្រុកភ្នំស្រុកក៏ជាតំបន់ទេសចរណ៍ និងតំបន់អភិរក្សសត្វកម្រធំមួយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ការកសាងប្រព័ន្ធលូរំដោះទឹកនេះ ចំណាយថវិកាមូលនិធិស្រុក ឆ្នាំ២០១៦ ចំនួន៧៨លានរៀល។ លោកក៏បានទទូចដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាប្រព័ន្ធលូបង្ហូរទឹកនេះទាំងអស់គ្នា ក្រោយសាងសង់រួច។ ជាមួយគ្នានោះ ប្រជាពលរដ្ឋស្រុកភ្នំស្រុកក៏បាននាំគ្នាអបអរសាទរ និងគាំទ្រដល់ការងារធ្វើប្រព័ន្ធលូខាងលើនេះ ផងដែរ៕