(ព្រៃវែង)៖ បន្ទាប់ពីបានរកឃើញគ្រាប់បែកគីមីនៅខេត្តស្វាយរៀង ពីរទីតាំងនោះ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា លោក ហេង រតនា បានបញ្ជាក់ថា ស៉ីម៉ាក់បានរកឃើញគ្រាប់បែកគីមី មួយទីតាំងទៀត ស្ថិតនៅក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ នឹងបើកប្រតិបត្តិការ សម្អាតគ្រាប់គីមីនេះ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ។
លោក ហេង រតនា បានឲ្យដឹងថា គ្រាប់បែកគីមីដែលស៊ីម៉ាក់ រកឃើញប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មេត្តាសហការជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជម្លៀសចេញទៅចំងាយសុវត្ថិភាព តាមការណែនាំ របស់មន្ត្រីស៊ីម៉ាក់ និងកម្លាំងសមត្ថកិច្ច ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសម្រួលដល់កិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់បែកនេះ។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែងផងដែរ៕