Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការរង៖ សភាពការណ៍សន្តិសុខ នៅតាមតំបន់​ព្រំដែន​ឆ្នាំ២០១៦ មានស្ថានភាព​ល្អប្រសើរ និងគ្មាន​ការប្រឈម​មុខដាក់គ្នា ដោយ​អាវុធជាមួយ​ប្រទេស​ជិតខាងឡើយ

01-02-2017 16:29

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០១៦ និងទិសដៅភារកិច្ចឆ្នាំ២០១៧ នៅនាយកដ្ឋានកណ្តាលលនគរបាលព្រំដែន។

ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានថ្លែងថា «សម្រាប់ឆ្នាំ២០១៦ សភាពការណ៍សន្តិសុខនៅតាមតំបន់ព្រំដែន មានស្ថានភាពល្អប្រសើរ ដោយគ្មានការប្រឈម​មុខដាក់គ្នាដោយអាវុធជាមួយប្រទេសជិតខាង។ កងកម្លាំងនគរបាលការពារព្រំដែន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល និងបានកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ឲ្យក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា កងកម្លាំងនគរបាលការពារព្រំដែនទាំងគោក និងទឹក បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងសកម្មក្នុងការទប់ស្កាត់បញ្ហាពលរដ្ឋឆ្លងដែនខុសច្បាប់ ដូចជា ទៅរកការងារធ្វើ ការកាប់ឈើខុសច្បាប់ ការនេសាទខុសច្បាប់ ទំនិញគេចពន្ធជាដើម និងបានធ្វើឲ្យមានសន្តិសុខល្អក្នុងលំហសមុទ្រផងដែរ។ ទន្ទឹមនោះនគរបាលការពារព្រំដែន ក៏បានរួមចំណែកទប់ស្កាត់បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ នៅតាមខ្សែបន្ទាត់ព្រំដែន ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស នគរបាលការពារព្រំដែន ត្រូវតែមានមនសិការស្នេហាជាតិ មានជំនាញវិជ្ជាជីវច្បាស់លាស់ គួបសមនឹងការហ្វឹកហាត់បំប៉នជំនាញផងដែរ។ ទន្ទឹមនឹងនោះ ក៏ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសកងយោធពលខេមរភូមិន្ទ។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ដើម្បីកសាងបន្ទាត់ព្រំដែនឲ្យក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ និងរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទឲ្យមានប្រសិទ្ធខ្ពស់។

សូមបញ្ជាក់ថា សភាពការណ៍បទល្មើសកើតឡើងនៅតាមតំបន់ព្រំដែនក្នុងឆ្នាំ២០១៦ មានចំនួន ៤៧/១៣២លើក ក្នុងនោះព្រំដែនកម្ពុជា-ថៃ ២២លើក កម្ពុជា-វៀតណាម ២៤លើក កម្ពុជា-ឡាវ ០១លើក៕