(ភ្នំពេញ)៖ គ្រូបង្រៀនគណិតវិទ្យាមួយរូប នៅវិទ្យាល័យទំពូង ក្នុងខេត្តកំពង់ស្ពឺ លោក ខុំ ភារុន ទទួលបានឱកាសទៅរៀន រយៈពេល៦សប្តាហ៍ នៅសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាបន្ថែមបទពិសោធន៍ក្នុងការបង្រៀនឲ្យក្លាយជាគ្រូល្អម្នាក់ ។

បើយោងតាម Facebook របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានឲ្យដឹងថា លោក ខុំ ភារុន បានចាប់ផ្តើមកម្មវិធីដែលមានឈ្មោះថា Teaching Excellence and Achievement កាលពីសប្តាហ៍មុន នៅUMass Lowell ។ នៅទីនោះ លោក ភារុន នឹងបង្កើនជំនាញផ្នែកគណិតវិទ្យា ដើម្បីទទួលបានបទពិសោធន៍ ជាក់ស្តែងនៅក្នុងថ្នាក់រៀន របស់អាមេរិក និងរៀនពីវិធីរៀបចំប្លង់មេរៀនល្អៗ ។

ស្ថានទូតអាមេរិកបានឲ្យដឹងដែរថា នៅឆ្នាំ២០១៦កន្លងទៅ គ្រូបង្រៀន១៦០នាក់ មកពីប្រទេសចំនួន៥៥ បានចូលរួមរៀនសូត្រ នៅសហរដ្ឋអាមេរិក ជាមួយនៃកម្មវិធីTeaching Excellence and Achievement  ដែលឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក ៕