(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ដល់អនុសាសន៍ណែនាំដល់កងកម្លាំងយោធាទូទាំងប្រទេស ត្រូវបង្កើនការសាមគ្គីភាព សហការគ្នាការពារបញ្ហាភ្លើងឆេះ ពង្រឹងការការពារតំបន់ឃ្លាំងគ្រាប់ និងសម្ភារសឹក ព្រោះដល់រដូវប្រាំងហើយ អាចបង្កអគ្គិភ័យគ្រប់ពេលវេលា។
អនុសាសន៍បង្កើនស្មារតីទាំងនេះ ត្រូវបានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា ឆ្នាំ២០១៧ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកងពលធំអន្តរាគមន៍លេខ២។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា កងកម្លាំងយោធាទាំងអស់ ត្រូវឈរលើកត្តាសាមគ្គីឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន សំដៅបន្តអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន ឱ្យកាន់តែមានថាមពលខ្លាំងក្លា រួមចំណែកជំរុញល្បឿន នៃកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែរីកចម្រើន «ជាពិសេសក្នុងរដូវប្រាំងនេះ ត្រូវសហការការពារកុំឱ្យមានភ្លើងឆេះ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារតំបន់ឃ្លាំងគ្រាប់ និងសម្ភារសឹក»។
នាយឧត្តមសេនីយ៍បានជំរុញ ឲ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងអង្គភាពពង្រឹងប្រព័ន្ធការពារ ពង្រឹងសមត្ថភាពកងទ័ព យកចិត្តទុកដាក់រៀបចំនាយទាហានវ័យក្មេង ឱ្យត្រូវតាមជំនាញ ខិតខំលើកកម្ពស់ប្រព័ន្ធហ្វឹកហ្វឺន ដោយឈរលើគោលការណ៍ «ពីមនុស្សច្រើនធ្វើការងារបានតិច ឱ្យទៅជាមនុស្សតិចធ្វើការងារបានច្រើន» និងលើកកម្ពស់ស្មារតីថែរក្សាសម្ភារសឹក គ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ សំដៅពង្រឹងប្រៀបការពារជាតិឱ្យកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់ ចូលរួមសហការសង្រ្គោះប្រជាជន ពីគ្រោះមហន្តរាយនានា និងទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ រួមចំណែកថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ បន្តយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងល្អ ជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងតំបន់ព្រំដែនមួយ ឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ត្រូវយកចិត្តទុកដាក់សរសេរបទពិសោធន៍ នៃឆាកប្រយុទ្ធដែលខ្លួនធ្លាប់ឆ្លងកាត់ និងបន្តកសាងបណ្ណាល័យ ដើម្បីរក្សាទុកឯកសារ និងខិតខំសិក្សារៀនសូត្រ ក្នុងការប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណេត បណ្តាញសង្គម Facebook ជាដើម ពីព្រោះវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការសិក្សាស្រាវជ្រាវចំណេះដឹង សំដៅអភិវឌ្ឍន៍សមត្ថភាពកាន់តែមុតស្រួច។
ក្នុងឳកាសនោះ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន និងសប្បុរសជននានា ក៏បានឧបត្តម្ភនូវថវិកាជូនអង្គពីធីចំនួន ២២លានរៀល និងបាននាំនូវអំណោយរបស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានមេគោពូជចំនួន ២០ក្បាល គ្រាប់ពូជបន្លែបួនមុខ ស្មើនឹង ១,០៧៥.៥៨គីឡូក្រាម ធុងបាញ់ថ្នាំសត្វល្អិតចំនួន ១៩ធុង ធុងចម្រោះទឹកស្អាតចំនួន ៤៨ធុង ធុងហ្សាសេចំនួន ២៣ធុង ក្រណាត់ឯកសណ្ឋានលេខ៣ ចំនួន៣៦ដុំ ស្បែកជើងកខ្លី និងស្រោមជើងចំនួន ៣៦ឈុត៕