(ភ្នំពេញ)៖ ពាក់ព័ន្ធករណីកញ្ញា ធី សុវណ្ណថា ប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈទាមទារ២៥ម៉ឺនដុល្លារនោះ កញ្ញានឹងត្រូវចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ វេលាម៉ោង៩ព្រឹក នៅបន្ទប់ ទ ជាន់ទី២។
នៅក្នុងដីកោះហៅរបស់ព្រះរាជអាជ្ញារងលោក វ៉ា សក្កា បានបញ្ជាក់ថា៖ អញ្ជើញឈ្មោះ ធី សុវណ្ណថា ភេទស្រី ជាដើមបណ្តឹង ឲ្យចូលទៅកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីសាកសួរអំពីដំណើរខ្លួនប្តឹងពីឈ្មោះ សម រង្ស៊ី ថា បរិហាកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បានឲ្យដឹងថា ប្តឹងទាមទារឲ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់សរុបចំនួន២៥០,០០០ដុល្លារ ឬម្ភៃប្រាំដុល្លារអាមេរិក ដើម្បីកញ្ញាយកប្រាក់សំណងនេះជូនទៅអង្គការដើម្បីធ្វើកិច្ចការមនុស្សធម៌។
សូមជំរាបថា បន្ទាប់ពីលោក សម រង្ស៊ី និយាយចោទប្រកាន់ថា៖ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅទីបំផុតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ។
កញ្ញា ធី សុវណ្ណថា ដែលជាម្ចាស់ Facebook Page (Like 2.1M) ត្រូវបានគេ Hack យកទៅគ្រប់គ្រងបានឲ្យដឹងនៅក្នុងពាក្យបណ្តឹងថា៖ «ប្តឹងឈ្មោះ សម រង្ស៊ី មានអាស័យដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍សាធារណៈ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង និងធ្វើការប្រជុំតាមវិដេអូ (Video Conference) ជាមួយលោក កឹម សុខា និងសកម្មជនដទៃទៀតនៅក្នុងប្រទេសកម្ពុជា»។
ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីមាន លោក សម រង្ស៊ី បានចោទប្រកាន់ជាថ្មីថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»។
ចំពោះរឿងនេះ កញ្ញា ធី សុវណ្ណថា ធ្លាប់បាននិយាយជាច្រើនសារហើយថា នេះជាល្បែងវាយប្រហាររបស់លោក សម រង្ស៊ី ហើយសារទាំងឡាយដែលបង្ហោះលើ Facebook របស់នាងនោះ គឺជាការរៀបចំដោយក្រុម Hacker ព្រោះ Hacker បានលួយវាយប្រហារ និងគ្រប់គ្រង Facebook កញ្ញាយូរមកហើយ៕