(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី របស់​ព្រះរាជាណាចក្រថៃ គឺលោក Tou Sedthawut ( តួ សិត្ថាវុធ) នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្កាត់មកជួបអ្នកគាំទ្រ របស់ខ្លួន ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជា​ផ្សព្វផ្សាយរឿងថ្មី​របស់ខ្លួន មានចំណងជើងថា «School Tales ឬនិទាន​រឿង​ខ្មោច» នៅរោងភាពយន្ត Legend សាខា​ទួលគោក។

ក្នុងឱកាសនៃការមកដល់នៅថ្ងៃនេះ គេសង្កេតឃើញមានអ្នកគាំទ្រ របស់ប្រទេសកម្ពុជា ជាច្រើននាក់បានមកចូលរួមអបអរសាទរ ចំពោះវត្តមានរបស់​តារាសម្ដែង លោក Tou Sedthawut យ៉ាងសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្ដៅ។ ក្នុងនោះក៏មានការថតរូប​អនុស្សាវរីយ៍ ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ផងដែរ។   ​

ក្នុងជំនួបជា​មួយអ្នក​គាំទ្រ លោក Tou Sedthawut លើក​ថ្លែង​ថា​ លោក​ពិត​ជាមានក្ដីសប្បាយ​រីករាយ យ៉ាងខ្លាំង ​ពេល​បាន​មក​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គឺជួបជាមួយអ្នក​គាំទ្រ ដែលពោរពេញ​ដោយស្នាមញញឹម និងផ្ដល់ភាពកក់​ក្ដៅដល់រូបលោក ។ ​នេះ​ជា​លើក​ទី​១​​​ហើយ​ សម្រាប់ការមកកាន់ប្រទេសកម្ពុជា ​​ដើម្បីជួបជាមួយអ្នកគាំទ្រ និងផ្សព្វផ្សាយរឿងថ្មី របស់ខ្លួន។ លោកបន្តថា រូបលោកពិតជាមានកម្លាំងចិត្ត នៅពេលឃើញសន្ទុះ​នៃការគាំទ្ររបស់ខ្លួន នៅក្រៅប្រទេស មានការកើនឡើង គួរឲ្យកត់សម្គាល់ ហើយលោកនឹងខិតខំ​រិះរកអ្វី ដែលថ្មី និងប្លែកសម្រាប់អ្នកគាំទ្រ មិនឲ្យខកបំណងឡើយ។

ដោយឡែក​តំណាងរោងភាពយន្ត Legend បានឲ្យដឹងថា ថ្ងៃនេះ ក្រុមការងារពិតជាសប្បាយរីករាយ ដោយបានឃើញទស្សនិកជន ក៏ដូចជា Fan របស់រោងភាពយន្ត បានមកយ៉ាងច្រើនកុះករ ពេលដឹងថា តារាក្នុងដួងចិត្តរបស់ពួកគេ មកជួបផ្ទាល់នៅទីនេះ។ រោងភាពយន្ត Legend នឹងនៅតែបន្តគាំទ្ររាល់ស្នាដៃភាពយន្តនានា ជាពិសេសគឺភាពយន្តខ្មែរ ដើម្បីលើកកម្ពស់ភាពយន្តរបស់យើង ឲ្យកាន់តែល្អប្រសើរឡើង។

យ៉ាងណាមិញ​ភាពយន្ត រឿង «School Tales ឬនិទាន​រឿង​ខ្មោច» ត្រូវបានរោងភាពយន្តមើលឃើញថា មានសន្ទុះនៃការគាំទ្រច្រើន ទើបសហការគ្នាជាមួយ Sabay MVP អញ្ជើញតួឯកប្រុសក្នុងរឿងនេះ គឺលោក Tou Sedthawut មកជួបអ្នកគាំទ្រ នៅ​កម្ពុជាតែម្ដង៕