(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឲ្យដឹងថា សម្រាប់ការផ្តល់រទេះជូនជនពិការក្រៅប្រទេស ធ្វើឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយអង្គការ JICA នេះ គឺកុមារពិការ និងក្រុមគ្រួសារ​នៅតាមសហគមន៍​ភាគច្រើនលើសលប់ មានការពេញចិត្តជាខ្លាំង ចំពោះរទេះ និងសំភារៈសំលេងឈរទាំងនេះ ពីព្រោះវាមានលក្ខពៈស្អាត ទាក់ទាញ ស្រាល ងាយស្រួលក្នុងការប្រើប្រាស់ និងអាចបត់បែន បានក្នុងពេលធ្វើដំណើរ។

លោក ឯម ច័ន្ទមករា ថាយ៉ាងណាក៏ដោយ នៅមានបញ្ហាប្រឈមមួយចំនួន គឺការយល់ដឹងពីរបៀប​ប្រើប្រាស់ថែទាំ និងជួសជុល រទេះ និងប្រដាប់ឈរទាំងនេះ នៅមាន​កម្រិត ប៉ុន្តែក្រុមការងារ នឹងបន្តខិតខំធ្វើយ៉ាងណាសម្រូល និងរកវិធីដោះស្រាយ ឲ្យក្រុមជនពិការមានភាពងាយស្រួល និងយល់ដឹងពីការប្រើប្រាស់ឲ្យ បានល្អ​ប្រសើរជាងមុន។

ការលើកឡើងរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឡើង នៅក្នុង ពិធីប្រគល់រទេះរុញ ចំនួន៩០គ្រឿង ជាអំណោយសប្បុរសធម៌អង្គការស័គ្រ្មចិត្តជប៉ុនសម្រាប់ផ្តលជូនជនពិការ ធ្វើឡើងនៅក្រសួងសង្គមកិច្ច នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

លោក ឯម ច័ន្ទមករា បន្ថែមឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ អង្គការស័គ្រ្មចិត្តជប៉ុនសម្រាប់ ផ្តល់ជូនជនពិការសម្រាប់ការផ្តល់រទេះកុមារ ជនពិការក្រៅប្រទេស មានចំនួន៩០គ្រឿង ចែកចេញជា៥ប្រភេទ ប្រភេទទី១ រទេះរុញដែលមានខ្នងបង្អែកវែង កង់មានទំហំមធ្យម និងមានខ្សែក្រវ៉ាត់ភ្ជាប់ទ្រូង ចង្កេះ និងជើង ប្រភេទទី២ ប្រដាប់ឈររធ្វើពីឈើដែលមានកង់តូច ប្រភេទទី៣ រទេះកូនក្មេង ប្រភេទទី៤ ប្រដាប់ដើរ ដែលមានកង់ និងមានហ្រ្វាំងប្រដាប់ និងប្រភេទទ៥ ជាកៅអីឈើ​ដែលមានពូកទន់ៗ មានថាសភ្ជាប់នៅខាងមុខ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានទទួលរទេះរុញ និងប្រដាប់ឈរ៥លើក មានចំនួនសរុប៥៨០គ្រឿង និងទឹកប្រាក់សរុប ៥៥១០០ដុល្លារ ក្នុងនោះរួមមាន

លើកទី១ ក្នុងឆ្នាំ២០១០ ចំនួន៨០ មានទឹកប្រាក់៩៣០០ដុល្លារ បានបែងចែកដល់មណ្ឌលស្តារលទ្ធភាពពលកម្មចំនួន១១ និងមណ្ឌលស្តារលទ្ធផលពលកម្មកាយសម្បទា របួសឆ្អឹងខ្នង សម្រាប់ការងារស្តារផ្នែកលទ្ធភាពពលកម្មកាយសម្បទា និងវេជ្ជសាស្រ្តកុមារពិការចលករខួរក្បាលនៅតាមមណ្ឌល។

លើកទី២ ក្នុងឆ្នាំ ២០១២ ចំនួន៨០ ទឹកប្រាក់៨៨០០ដុល្លារ បានចែកចាយដល់មណ្ឌលស្តារលទ្ធភាព ពលកម្មចចំនួន១០ សម្រាប់ស្តារលទ្ធផលពលកម្មកាយសម្បទា របួសឆ្អឹងខ្នង សម្រាប់ការងារស្តារផ្នែកលទ្ធភាពពលកម្មកាយសម្បទា និងវេជ្ជសាស្រ្តកុមារពិការចលករខួរក្បាលនៅតាមមណ្ឌល និងតាមសហគមន៍។

ឆ្នាំ២០១៣ ចំនួន១៦០គ្រឿង អស់ទឹកប្រាប់១៦០០០ដុល្លារ ផ្តល់ជូនស្តារលទ្ធផលពលកម្មកាយសម្បទា ចំនួន១០  សម្រាប់ការងារស្តារផ្នែកលទ្ធភាពពលកម្មកាយសម្បទា និងវេជ្ជសាស្រ្តកុមារពិការចលករខួរក្បាលនៅសហគមន៍

ឆ្នាំ២០១៥ ចំនួន១៧០គ្រឿង អស់ទឹកប្រាក់១៦៥០០ដុល្លារ បានបែងចែកជូនមណ្ឌលស្តារផ្នែកលទ្ធភាព ពលកម្មកាយសម្បទាចំនួន៨ និងអង្គការដែលធ្វើការ ជាមួយកុមារ​ខ្សោយសតិបញ្ញា ចំនួន១០ សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងក្នុងមណ្ឌល៕