(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យចំនួន១៣នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួន ពេលចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពី លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងនគរបាលខណ្ឌ បានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបានជនសង្ស័យ ជាង១០នាក់ និងមាន់ជល់៩ក្បាល។
លោកអធិការខណ្ឌ ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។ ដោយកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានជាង១០នាក់ និងបានដកហូតមាន់ជល់៩ក្បាល, ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1DF-3266 ប្រាក់រៀលចំនួន ១,១០៥,០០០រៀល ប្រាក់ដុល្លារចំនួន ២,៦០០ដុល្លារ និងវត្ថុតាងជាច្រើនទៀត៕