(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍​សែនជ័យ បានឃាត់ខ្លួនស្រ្តីកោសជប់ម៉ាស្សាចំនួន២នាក់ ជំនាញខាងលួចទ្រព្យសម្បត្តិ លុយកាក់ភ្ញៀវ ជាញឹកញ៉ាប់ ហើយពាក្យបណ្តឹងជនរងគ្រោះក៏ច្រើន និងលួចលើកចុងក្រោយ បានលុយជិត២លានរៀល។ ជនសង្ស័យត្រូវបាននាំទៅសាកសួរ កសាងសំណុំរឿង​ និងបញ្ជូនទៅតុលាកា ដើម្បីចោទប្រកាន់ និងដាក់បន្ទុកជាផ្លូវការ នៅសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សៅ សុខហេង អាយុ១៨ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅផ្ទះលេខ ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិពាមរ៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី២ ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅជាមួយគ្នាមានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ស្រ្តីជនសង្ស័យទាំង២នាក់ បានជួលផ្ទះខាងលើ ប្រកបរបរកោសជប់ម៉ាស្សា និងប្រព្រឹត្តសញ្ចាកម្ម។

មន្ត្រីនគរបាលដដែល បានបន្ថែមទៀតថា ជនសង្ស័យបានរួមគំនិតគ្នាលួចលុយទ្រព្យសម្បត្តិភ្ញៀវចូលម៉ាស្សា ចំនួន២ដងផ្ទួនៗគ្នា លើកចុងក្រោយ កាលពីព្រឹកថ្ងៃទី២៦ ខែមករា កន្លងមកនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចាប់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿង រហូតដល់រសៀលថ្ងៃទី៣១ ខែមករានេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅតុលាការ ដើម្បីឲ្យព្រះរាជអាជ្ញា ចោទដាក់បន្ទុកជាផ្លូវការ។

ជនសង្ស័យទាំង២នាក់កន្លងមក ទោះជាមានបណ្តឹងជនរងគ្រោះ ប៉ូលីសហៅចូលប៉ុស្តិ៍ដោះស្រាយហើយចេះតែវិលវិញ ចាំមើលលើកនេះ ប៉ូលីសនាំទៅដល់តុលាការ តើពេលណាវិលវិញ?៕