(បន្ទាយមានជ័យ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយលើផលប៉ះពាល់ ផ្ទៃអាងស្តុកទឹកអូរខៃដន រវាងក្រុមហ៊ុនអានកូ Water Supply និងប្រជាពលរដ្ឋរងផលប៉ះពាល់នៅថ្ងៃទី៣១​​ ខែមករា​​ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ទំនាស់រវាងក្រុមហ៊ុនអានកូ Water Supply និងប្រជាពលរដ្ឋកើតឡើង ក្រោយពេលក្រុមហ៊ុនមានការអភិវឌ្ឍន៍ទំបន់អាងស្តុកទឹកអូរខៃដន ដែលស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

លោកបានបញ្ជាក់ថា «ទំនាស់ដែលកើតឡើង គឺប្រជាពលរដ្ឋមួយចំនួន ចោទប្រកាន់ក្រុមហ៊ុនកសាងទំនប់ស្តុកទឹកលិចផលកសិកម្មរបស់ពួកគាត់ និងប្រជាកសិករ ធ្វើស្រែប្រាំង ហើយក្រុមហ៊ុនមិនឲ្យបូមទឹកដាក់ស្រូវប្រាំង»

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថា អាងទំបន់អូរខៃដូននេះ គឺជាផ្ទៃអាងចាស់ដែលត្រូវបានកសាងឡើង នៅសម័យ៣ឆ្នាំហើយ ត្រូវបានបោះបង់ចោលនៅសម័យសង្គ្រាម ហើយដោយបានការយកចិត្តទុកដាក់ និងមើលឃើញពីក្រុមហ៊ុនអានកូ ដោយបានធ្វើការកសាងអាងសម្រាប់ទឹកទុក ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។

លោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅបានបញ្ជាក់ថា ក្រោយពេលដែលក្រុមហ៊ុនអានកូ បានកសាងអាងនេះ គឺផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ដល់ស្រុកអូរជ្រៅ តែវាប៉ះពាល់ប្រជាពលរដ្ឋរស់នៅ ក្នុងផ្ទៃអាងដែលជួបបញ្ហាផលប៉ះពាល់ត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ។

លោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានលើកឡើងផងដែរថា ភូមិសន្តិភាពឃុំទួលពង្រ ស្រុកម៉ាឡៃមានប្រជាពលរដ្ឋប៉ះពាល់ប្រមាណជាង៣០០គ្រួសារ និងលិចកសិផលទាំងនៅរដូវវស្សាលិចរាល់ឆ្នាំ ក្រោយពេលដែលក្រុមហ៊ុនអានកូ អភិវឌ្ឍន៍ទំនប់អាងអូរខៃដន សម្រាប់ផ្គត់ផ្គង់ទឹកសម្រាប់ក្រុងប៉ោយប៉ែត។

លោក ប៉ាល់ ស៊ីថា ចៅសង្កាត់និមិត្តបានបញ្ជាក់ថា នៅពេលក្រុមហ៊ុនអានកូ បានអភិវឌ្ឍន៍អាងអូរខៃដន គឺសុំចែក រំលែកទឹកដល់ប្រជាកសិករ សម្រាប់បង្កបង្កើនផលផង ទើបគ្មានបញ្ហាកើតឡើង។

លោក ប្រាក់ ប៉ូលី ប្រធានមន្ទីរៀបចំដែនដីនគរូបណីកម្មសំណង់ និងសូរិយោដីខេត្តបានលើកឡើងថា នៅចំណុចអាងអូរខៃដនស្ថិត ក្នុងសង្កាត់និមិត្ត គឺកាលពីមុនជាដីស្រែ របស់បងប្អូន ប្រជាពលរដ្ឋដែលត្រូវបានចុះបញ្ជីដីធ្លីជាកម្មសិទ្ធិជូនរួចហើយ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា កិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយលើផលប៉ះពាល់ផ្ទៃអាងស្តុកទឹកអូរខៃដន ជាអាងចាស់កសាងពី សម័យខ្មែរក្រហមដែលត្រូវបានទុកចោលនៅសម័យសង្គ្រាមហើយ។ ក្រុមហ៊ុនអានកូ បានអភិវឌ្ឍន៍កសាងស្តុបទឹកទុកសម្រាប់ផ្គត់ផ្គង់ សម្រាប់ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត តែការអភិវឌ្ឍន៍ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងកសិផលក្នុងអាងអូរខៃដន គឺស្ថិតក្នុងភូមិកូនដំរី និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំពិភ្សានិងរកដំណោះស្រាយលើផលប៉ះពាល់ផ្ទៃអាងស្តុកទឹកអូរខៃដនរបស់ក្រុមហ៊ុនអានកូ  និងប្រជាពលរដ្ឋក្នុងសង្កាត់និមិត្តិ ក្រុងប៉ោយប៉ែត គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យទទួលបានភាពយុត្តិធម៌៕