Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច សាយ ឈុំ អំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន១ថ្ងៃ ក្នុងការទៅបោះឆ្នោតនៅថ្ងៃ៤ ខែមិថុនា ខាងមុខ

01-02-2017 12:32

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលចុះឈ្មោះបោះឆ្នោតហើយ ត្រូវត្រៀមខ្លួនត្រឹមតែមួយថ្ងៃ ក្នុងការទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាស សម្ដេច អញ្ជើញចុះជួបសំណេះសំណាលជាមួយ អាជ្ញាធរសង្កាត់/ភូមិ និងប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០១៧នេះ។

ក្រោយពីស្ដាប់មតិយោលបល់របស់អង្គប្រជុំរួចមក សម្ដេច សាយ ឈុំ បានអបអរសាទរចំពោះលទ្ធផលការងារទាំងឡាយ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់សម្រេចបានកន្លងមក។ សម្ដេចក៏បានសម្ដែងនូវការរីករាយ ចំពោះប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូង១ ដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់។

លើសពីនេះ សម្ដេច សាយ ឈុំ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សុំត្រៀមពេលវេលា១ថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ដែលជឿជាក់ថាមានសមត្ថភាព មានគុណធម៌ និងមានបទពិសោធន៍ការងារ សម្រាប់ដឹកនាំសង្កាត់រយៈពេល៥ឆ្នាំ ទៅមុខទៀត៕