(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យអង្គភាពជំនាញរបស់ក្រសួង ក៏ដូចជាដៃគូពាក់ព័ន្ធត្រូវខិតខំបន្តទៀត ដែលក្នុងនោះ ត្រូវផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមមាន ការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ថែទាំរទេះដែលបានទទួល និងផ្តល់ជូននាពេលនេះ សំដៅធ្វើយ៉ាងណាឲ្យការ ប្រើប្រាស់រទេះ និងប្រដាប់ឈរដែលបានចែកជូនឲ្យអស់លទ្ធភាព។
លោករដ្ឋមន្រ្តី បានថ្លែងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីប្រគល់រទេះរុញចំនួន៩០គ្រឿង ជាអំណោយសប្បុរសធម៌អង្គការ ស័គ្រ្មចិត្តជប៉ុនសម្រាប់ផ្តលជូនជនពិការ ធ្វើឡើងនៅក្រសួងសង្គមកិច្ច នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការចូលរួម បន្ថែមពី លោក កាម៉ូស្ស៊ីដា ណាអូគិ ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក អូដា កិនស៊ុគី តំណាងអង្គការអ្នកស័គ្រ្មចិត្តជប៉ុន សម្រាប់ការផ្តល់រទេះជូនជនពិការក្រៅប្រទេស និង លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ និងក្រុមការងារជាច្រើនរូបទៀត។
បន្ថែមពីលើនេះ លោក វង សូតបានលើកឡើងថា ផ្នែកជំនាញរបស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនិតីសម្បទាអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ត្រូវធ្វើផែនការតាមដាន និងវាយតម្លៃការប្រើប្រាស់រទេះ និងប្រដាប់ឈរ ដោយសហការជា មួយជាមួយភាគីពាក់ព័ន្ធ ទំនាក់ទំនងជាមួយក្រុមគ្រួសារ កុមារពិការ ដែលបានទទួលរទេះ ដើម្បីស្វែងយល់ពីគុណសម្បត្តិគុណវិបត្ត នៃការប្រើប្រាស់រទេះ និងដោះស្រាយ កែសម្រូលតាមសំណូមពររបស់ពួកគាត់។
លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ JICA ដែលបានសម្របសម្រូល និងនាំរទេះរុញ សម្រាប់កុមារពិការចំនួន៩០គ្រឿង ដែលជាអំណោយរបស់អង្គការស្ម័គ្រចិត្តជប៉ុន សម្រាប់ផ្តល់រទេះជនពិការក្រៅប្រទេស ក្រោមជំនួយមនុស្សធម៌របស់គម្រោងអង្គការ មិនមែនរដ្ឋាភិបាលជប៉ុន នៃក្រសួងការបរទេសជប៉ុន ជូនក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីប្រគល់ជូនអង្គការសង្គមស៊ីវិលចំនួន៨ និងបូរីទារក កុមារជាតិ របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។រទេះចំនួន៩០គ្រឿង នឹងធ្វើការបែងចែកជូនបូរីទារក និងកុមារជាតិ និងអ្គការមិនមែនរដ្ឋាភិបាល ចំនួន៨ ដើម្បីផ្តល់ជូនបន្តដល់កុមារពិការកម្ពុជា ជាពិសេសកុមារពិការចលនាខួរក្បាល កុមារដែលមានពិការភាពធ្ងន់ធ្ងរ ជំរុញប្រសិទ្ធភាពក្នុងការព្យាបាល ផ្នែកវេជ្ជសាស្រ្ត និងផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទា។
លោក វង សូត បានបន្ថែមទៀតថា ក្រៅពីនេះ ដើម្បីដោះស្រាយទុក្ខលំបាករបស់ជនពិការភ្នែក ដែលតែងប្រគុំតមន្រ្តីតាមទី សាធារណៈ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកត្តិយសក្រុមប្រឹក្សាសកម្មភាពជពិការបានសម្រេច ផ្តល់ឧបករណ៍តន្រ្តី និងរថយន្ត គិតជាថវិកាចំនួន៣ម៉ឺនដុល្លារ និងថវិកាឧបត្ថម្ភប្រចាំខែចំនួន១លានរៀល ជូនក្រុមនីមួយៗ សរុបចំនួន៥ក្រុមធំៗ។
ចំពោះ ថវិកាឧបត្ថម្ភចាប់បើកពីខែមករា ឆ្នាំ២០១៧នេះតទៅ ដោយឡែកចំពោះឧបករណ៍តន្រ្តីបច្ចុប្បន្ន ក្រុមការងាររបស់ ក្រុមប្រឹក្សាសកម្មភាព ជនពិការកំពុងរៀបចំដេញថ្លៃ និងបញ្ជាទិញដែលត្រូវចំនាយពេល៦សប្តាហ៍៕