(កំពង់ធំ)៖ ក្រោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាល លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ និងកាត់ដីជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគោលបំណងផ្ដល់ភាពស្របច្បាប់ជូនពួកគាត់ ដោយសារពួកគាត់បានរស់នៅកាន់កាប់ដីទាំងនោះជាយូរឆ្នាំហើយ តែមិនទាន់មានប្លង់កម្មសិទ្ធិស្របច្បាប់។
បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់បែបនេះហើយ ប្រជាពលរដ្ឋមានការសប្បាយរីករាយជាពន់ពេក ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តការដឹកនាំប្រទេសកម្ពុជា តទៅមុខទៀត។
លោក ទូច សុខា អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា «ដីទាំងអស់នោះមានទំហំ ៦១,៦៧៧.៥ម៉ែត្រការេ»។ ប្រជាពលរដ្ឋទាំង២៤គ្រួសារខាងលើ បានរស់នៅលើដីនេះចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ ក្នុងនោះមាន៣ទីតាំង៖ទីតាំងទី១.ដីសាលាស្រុកប្រាសាទបល្ល័ង្ក មាន៦គ្រួសារ រស់នៅលើផ្ទៃដី ១៥,៩៨៨ម៉ែត្រការេ, ទីតាំងទី២.ដីសម្រាប់សាងសង់ផ្សារ មាន១៥គ្រួសារ រស់នៅលើផ្ទៃដី ២,៨៣៧.៥ម៉ែត្រការេ និងទី៣.ដីសាលាវិទ្យាល័យប្រាសាទបល្ល័ង្ក មាន៣គ្រួសារ ជាដីស្រែលើផ្ទៃដី ៤២,៨៥២ម៉ែត្រការេ។
លោក សុខ លូ បានលើកឡើងថា «ដោយអនុវត្តន៍តាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រជាពលរដ្ឋរស់នៅលើដីរបស់រដ្ឋ ទទួលបានសិទ្ធិស្របច្បាប់ មានប្លង់កាន់កាប់បានត្រឹមត្រូវ រូបលោកនឹងធ្វើការសម្រេចកាត់ដី ដែលបានរស់នៅទាំងអស់នោះជូនប្រជាពលរដ្ឋ»។
ក្រោយទទួលបានការយកចិត្តទុកដាក់ពី សំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដូចនេះហើយ ប្រជាពលរដ្ឋទាំង២៤គ្រួសារខាងលើ មានការសប្បាយចិត្តត្រេចអរជាពន់ពេក និងបានថ្លែងអំណអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានលើកដៃអរគុណដល់ លោកអភិបាលខេត្ត សុខ លូ ព្រមទាំងប្ដេជ្ញាគាំទ្រសម្តេចតេជោ ក្នុងការបន្តដឹកនាំនាវាកម្ពុជា ជាបន្តទៅទៀត៕