(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា អ្នកភ័យស្លន់ស្លោពេលនេះ មិនមែនសម្តេចតេជោ ហ៊ុន សែន នោះទេ ក៏ប៉ុន្តែគឺជាលោក សម រង្ស៊ី ខ្លួនឯងទៅវិញ ដោយសារតែលោកកំពុងបាត់បង់អ្វី ដែលជារបស់ខ្លួន បន្តិចម្តងៗរហូតដល់អស់។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់វិទ្យុអាស៊ីសេរី នាយប់មិញថា សម្តេចតេជោ ហ៊ុន សែន កំពុងភ័យស្លន់ស្លោ ទើបចេញវិធានការមួយចំនួនចំពោះរូបលោក។

លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «សភាពការណ៍ពិតបង្ហាញថា បើថាសម្តេច ហ៊ុន សែន ស្លន់ស្លោរ តែស្លន់ស្លោរ ពេលកំពុងកាន់អំណាច ក្នុងដៃ ហើយកំពុងដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឈន៍រីកចំរើន។ ផ្ទុយទៅវិញ សម រង្សី ស្លន់ស្លោរ ក្នុងពេលដែលខ្លួនបានបាត់បង់អ្វីៗទាំងអស់ពីដៃ។ តេីភាពភ័យ ស្លន់ស្លោរទាំងពីរនេះ ខាងណានឹងជួបហានិភ័យ ហើយខាងណា មិនមានជួបហានិភ័យ និងទទួលបានជ័យជំនះ?»។

លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ញុះញង់វាយប្រហារ លើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ហើយប្រធានបក្សប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធ នឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើនថែមទៀត ដែលមិនទាន់ កាត់ទោស ដែលភាគច្រើនជាបណ្តឹង បរិហារកេរ្តិ៍ជាសាធារណៈ។

កាលពីម្សិលមិញ ក្នុងកិច្ចប្រជុំសភាវិសាមញ្ញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាននឹងស្នើឱ្យធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ថារាល់បុគ្គលទាំងឡាយណាដែលជាប់ទោសនៅតុលាការ នឹងមិនមានសិទ្ធិធ្វើជា ប្រធាន ឬអនុប្រធាន គណបក្សនយោបាយនៅកម្ពុជាឡើយ។ បើសិនជាច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្មតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន មែននោះ លោក សម រង្ស៊ី នឹងបាត់បង់តួនាទីជាប្រធានគណបក្សសង្រ្គោះជាតិតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួន លោក សម រង្ស៊ី មកអនុវត្តទោស បើសិនជាប្រធានបក្ស ប្រឆាំងដែលកំពុងនិរទេសខ្លួន ទៅក្រៅប្រទេសរូបនេះ មានវត្តមាននៅកម្ពុជា ហើយសម្តេចថែមទាំងប្រកាសស្នើឱ្យ តុលាការរឹបអូស ទ្រព្យសម្បត្តិ លោក សម រង្ស៊ី ដើម្បីយកទៅជួយជនពិការថែមទៀត បើសិនជាសាលក្រមនៃបណ្តឹងបរិហារកេរ្តិ៍ ដែលទាមទារ១លានដុល្លាររបស់សម្តេច ចូលជាស្ថាពរ៕