(ក្រចេះ)៖ ប្រធានមណ្ឌលសុខភាពអូរគ្រៀង ឈ្មោះ សឹម ចាន់វាសនា ត្រូវកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះ ចុះឃាត់ខ្លួននាំទៅសាកសួរ បន្ទាប់ពីបុរសរូបនេះ បានបើករថយន្ដបុកស្រីស្នេហ៍របស់ខ្លួន និងវាយលើបុរសម្នាក់ទៀតដែលជិះម៉ូតូជាមួយនារីរងគ្រោះ ថែមទាំងប្រើអាវុធប្លន់យកគ្រឿងអលង្កាពីនាងអស់។
សកម្មភាពល្មើសច្បាប់នេះ បង្កឡើងតាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ ក្រោយទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ម្សិលម៉ិញ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោកវរសេនីយ៍ត្រី ណយ ស៊ីថាច អធិការរងនគរបាលស្រុកសំបូរ បានឱ្យដឹងថា ការចាប់ខ្លួនលោកគ្រូពេទ្យ ឈ្មោះ សឹម ចាន់វាសនា ហៅពេទ្យមឿន អាយុ៤៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពអូរគ្រៀង រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ បានធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ហើយកម្លាំងនគរបាលក៏បានចុះអនុវត្តភ្លាម។
លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានបន្តថា ជនជាប់ចោទជាគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាព ត្រូវបានរងការចោទពីនារីម្នាក់ឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ដែលអះអាងនាងជាអតីតគូស្នេហ៍កំណាន់ចិត្តរបស់លោកគ្រូពេទ្យរូបនេះ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេលជាង៧ឆ្នាំមកហើយ។
នាងក៏បានសុំបែកគ្នាជាមួយលោកគ្រូពេទ្យរូបនេះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនពេលកើតហេតុ ដោយហេតុផលថាលោកគ្រូពេទ្យនេះមានប្រពន្ធកូនហើយ ទើបនាងមិនអាចរួមរស់នៅជាមួយគ្នាបានយូរអង្វែង។
នារីរងគ្រោះបានឲ្យដឹងថា ជនជាប់ចោទបានខឹងជាមួយនាង ដែលសុំបែកគ្នា ទើបគាត់បានបើកឡានស៊ីរ៉ែនជាឡានសាមុយសម្រាប់សង្គ្រោះរបស់មណ្ឌលសុខភាព បើកបំបុក និងកៀរនារីរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែមករា កន្លងទៅ នៅលើផ្លូវជាតិមួយកន្លែង ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ នៅពេលនាងកំពុងតែជិះម៉ូតូជាមួយមិត្តភក្តិប្រុសម្នាក់ បណ្តាលឲ្យដួលរងរបួស។
លោកគ្រូពេទ្យជាប់ចោទ ក៏បានចុះពីលើរថយន្តសាមុយមកទះកំផ្លៀងលើមិត្តភក្តិរបស់នាងជាច្រើនកំផ្លៀង និងបានគម្រាមមិនឱ្យបុរសរូបនោះ មកទំនាក់ទំនងជាមួយរូបនាង ដែលជាសង្សាររបស់ខ្លួន ព្រមទាំងគម្រាមមិនឲ្យយករឿងនេះទៅប្រាប់គេឯងឲ្យដឹងនោះទេ ហើយថែមទាំងដោះខ្សែដៃខ្សែកពីខ្លួននាង រួចក៏បានចាប់អូសនាងឡើងរថយន្ដសាម៉ុយយកទៅទៅទម្លាក់ចោលនៅមុខផ្ទះរបស់នាង។
លោក ណយ ស៊ីថាច បានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនគ្រូពេទ្យរូបនោះមកសួរនាំ គាត់ឆ្លើយបដិសេធថា ខ្លួនបានប្រព្រឹត្តបទល្មើសនោះទេ ប៉ុន្តែមានសាក្សីបញ្ជាក់ថា គ្រូពេទ្យរូបនោះ បានឲ្យសាច់ញាតិរបស់ខ្លួនទៅចរចាជាមួយនារីរងគ្រោះថា ខ្សែកខ្សែដៃទិញអស់ប៉ុន្មានគាត់ទិញសងវិញ ចំណែករឿងអាវុធនោះ មានប្រជាពលរដ្ឋ រស់នៅទីនោះធ្លាប់បានឃើញលោកគ្រូពេទ្យ សឹម ចាន់វាសនា កាន់ជាញឹកញាប់ដែរ ហើយនារីរងគ្រោះផ្ទាល់ ក៏ធ្លាប់ឃើញជាញឹកញាប់ដែរ។
ករណីស្ថិតក្នុងការសង្ស័យនេះ ត្រូវបានកម្លាំងនគរបាលស្រុក បើកការស្រាវជ្រាវបន្ដ ចំណែកគ្រូពេទ្យរូបនោះ យកទៅសួនាំបន្ដនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕