(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៦គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក។
សូមបញ្ជាក់ថា រយៈពេលពេញ១ខែចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣៧៩លើក បណ្ដាលឲ្យស្លាប់១៨៥នាក់ របួសធ្ងន់ចំនួន៣៧៥នាក់ និងរងរបួសស្រាលចំនួន១៩៩នាក់៕