(ភ្នំពេញ)៖ អ្នកនាំពាក្យលេខាធិការដ្ឋាន អាកាសចរណ៍ស៉ីវិល លោក ស៉ិន ចាន់សិរីវុត្ថា បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះថា ពាក់ព័ន្ធការស្នើសុំវិនិយោគ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ក្រុមហ៊ុនរបស់ចិន បានដាក់ពាក្យស្នើសុំជាផ្លូវការ ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួចរាល់ហើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនអាចបញ្ជាក់ឲ្យដឹងពីគម្រោងវិនិយោគព្រលានយន្តហោះនេះឡើយដោយលោកអះអាងថា ការងារសិក្សាគម្រោងនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគចិន បានដាក់ពាក្យស្នើសុំវិនិយោគ ទៅ CDC រួចរាល់ហើយ, ហើយ CDC នឹងរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សា នៅពេលខាងមុខ។
លោកបន្ថែមថា «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបង្កើតក្រុមបច្ចេកជំនាញ ដែលមានបទពិសោធន៍ និងជំនាញជាក់លាក់ ដើម្បីសហការ គាំទ្រ និងពិគ្រោះផ្តល់យោបល់ ជាមួយសម្បទាន ក្នុងការអភិវឌ្ឍន៏អាកាសយានដ្ឋាថ្មីនេះ»។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៉ីជិន ពីង នៅកម្ពុជា កាលពីកំឡុងខែតុលា ឆ្នាំ២០១៦កន្លងទៅលោកប្រធានាធីបតី នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើជាសហអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានសម្រាប់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Sun Yun ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុនវិនិយោគយូណាន របស់ចិន។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ត្រូវបានគេអះអាងថា គ្រោងវិនិយោគនូវទឹកប្រាក់ ៩០០លានដុល្លារអាមេរិក ដែលមានកុងត្រា រយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះគ្រោងសាងសង់នៅ ស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប។
ពាក់ព័ន្ធនឹងការបង្កើតព្រលានយន្តហោះថ្មីនេះ មន្រ្តីនៅមិនដឹងថា តើព្រលានយន្តហោះចាស់ទុកនៅដំណើរការដដែល ឬយ៉ាងណានោះទេ? អាចនឹងមានជម្រើសទី១៖ អាចនឹងទុកដាក់ដំណើរការដដែល ទី២៖ អាចសម្រាប់ដំណើរការហោះហើរក្នុងស្រុក ទី៣៖ អាចនឹងបិទចោលតែម្តង។
ដោយឡែកព្រលានយន្តហោះបច្ចុប្បន្ន ដែលកំពុងវិនិយោគដោយ ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) របស់ប្រទេសបារាំង ដែលមានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) រហូតដល់ឆ្នាំ២០៤០។ ចំពោះព្រលានយន្តហោះសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការចរចាជាមួយ SCA ដើម្បីបញ្ចប់កុងត្រាមុនកាលកំណត់៕