(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានពិភាក្សាគ្នាឡើងវិញ លើសំណើចង់ឲ្យអាល្លឺម៉ង់ គាំទ្រដល់គម្រោងពង្រីកវិស័យអាទិភាព ចំនួន៣ មានវិស័យសុខាភិបាល អភិវឌ្ឍន៍ជនបទ និងអធិការកិច្ចសម្រាប់ផែនការឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ចំនួន ៥២លានអឺរ៉ូ។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយលោក នីកូ ម៉ាស្ទ័រហាម ប្រធានអង្គការផ្ទះមេត្តា តំណាងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ របស់អង្គការផ្ទះមេត្តា ស្ថិតតាមមហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសំណើរបស់កម្ពុជា សម្រាប់គម្រោងថ្មីចំនួន៣ ដែលមានតម្លៃ៥២លានអឺរ៉ូ ចាប់ពីឆ្នាំ២០១៨-២០២០ ដែលគម្រោងថ្មីនេះ ផ្តោតទៅលើវិស័យអាទិភាព៣ មានសុខភាព អភិវឌ្ឍន៍ជនបទ និងអភិបាលកិច្ច។
លោក នីកូ ម៉ាស្ទ័រហាម ប្រធានអង្គការផ្ទះមេត្តា បានឲ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ដែលបានស្គាល់ឈ្មោះថា «ផ្ទះមេត្តា (Meta House)» គឺបង្កើតឡើងនៅក្នុងផ្ទះឯកជនមួយ កាលពីខែមករា ឆ្នាំ២០០៧។ លុះឆ្នាំ២០១០ ក៏បានបើកស្ថាប័នផ្ទះខ្លួន នៅតាមបណ្តោយមហាវិថីសុធារស។
លោកបានបន្តថា ផ្ទះមេត្តាគឺជាដៃគូរកម្ពុជារបស់មូលនិធិវប្បធម៌អាល្លឺម៉ង់ វិទ្យាស្ថាន Goethe ដែលជាវិទ្យាស្ថានវប្បធម៌សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលប្រតិបត្តិការនៅទូទាំងពិភពលោក។ គោលបំណងរបស់ផ្ទះមេត្តា គឺលើកកម្ពស់ផ្លាស់ប្តូរវប្បធម៌គ្នារវាងប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសលោកខាងលិច។
លោក ហ៊ុយ សារ៉ាវុធ បានឲ្យដឹងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១២មក ដែលកម្ពុជា និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន២ គឺសហប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានថវិកា ៣០.១លានអឺរ៉ូ។ កិច្ចព្រមព្រៀងទាំងពីរនោះ គឺបានគ្របដណ្តប់គាំទ្រដល់ការអនុវត្តគម្រោង និងវិស័យអាទិភាពនានា ដូចជា សុខភាព ការអភិវឌ្ឍជនបទ និងអភិបាលកិច្ចល្អ ពោលគឺគាំទ្រការអនុវត្តគម្រោង ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ភាពជោគជ័យនៃការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា។
លោកបានបន្តថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់បានរៀបចំកិច្ចពិគ្រោះយោបល់បច្ចេកទេស លើសហប្រតិបត្តិការអភិវឌ្ឍ ដើម្បីពិនិត្យវឌ្ឍនភាពដែលបានអនុវត្ត លើគម្រោងសហប្រតិបត្តិការនៅកម្ពុជា។
លើសពីនេះ ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាចំនួន ៣០លានអឺរ៉ូ ប្រហែល ៣៤លានដុល្លារ ក្នុង១ឆ្នាំ ដល់កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកទេស។ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយថវិកា ៥០០លានដុល្លារ ដល់ប្រទេសកម្ពុជា ស្មើនឹង២.៧ភាគរយ នៃហិរញ្ញវត្ថុទូទៅដែលផ្តល់ដោយដៃគូអភិវឌ្ឍ៕