(កំពត)៖ ស្រ្តីម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ខណ:ជិះលើគោយន្តស្រាប់តែជ្រុលធ្លាក់ ទៅក្នុងប្រឡាយនៅម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចនៅលើផ្លូវលំ នៃប្រឡាយចិន ស្ថិតក្នុងភូមិវត្ដអង្គ ឃុំព្រៃឃ្មុំ  ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ នី ឈាន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រងរបួសស្រាល និងអ្នករួមដំណើរ០២នាក់រួមមាន៖ ទី១.ឈ្មោះ មន ភិន អាយុ៦៧ឆ្នាំ ត្រូវជាម្ដាយក្មេងអ្នកបើកគោយន្តខាងលើ ស្លាប់នៅនឹងកន្លែងកើតហេតុ និងចៅប្រុសអាយុ៦ឆ្នាំ រងរបួសធ្ងន់រស់នៅភូមិ-ឃុំ ជាមួយអ្នកបើកបរគោយន្ដ។

មន្ត្រីនគរបាលដដែលបន្តថា គោយន្តបើកបរទិសដៅពីជើងទៅត្បូង ដឹកស្រូវទៅលក់លុះដល់ចំណុចកើតហេតុ អ្នកបើកត្រូវជាកូនប្រសាអ្នកស្លាប់ និងជាឪពុកក្មេងរងគ្រោះ មិនប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយចិន បណ្តាលឲ្យជួបឧប្បត្តិហេតុយ៉ាងដូច្នេះតែម្តងទៅ។ ក្រោយហេតុការណ៍ក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត ចំណែកអ្នកស្លាប់ បញ្ជូនទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ។

មន្ត្រីនគរបាលជំនាញ ក៏បានបញ្ជាក់ថា ករណីខាងលើអ្នកបើកបរគោយន្ត ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕